(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារផាមរីវើ ខេត្តកំពង់ស្ពឺ លោកឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត តំណាងលោកឱសថការី សាយ សាវី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ចូលរួមជាអធិបតីភាព ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌនិយ័តកម្មគោលការណ៍ណែនាំ ស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី និងចែកវិញាបនបត្របញ្ជិកាគណៈឱសថការីកម្ពុជា ដល់សមាជិក សមាជិកា នៃគណៈឱសថការីខេត្តកំពង់ស្ពឺ ដោយមានសមសភាពចូលរួមជិត ១០០នាក់។

ទិន្នន័យសមាជិករបស់ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ស្ពឺ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា៖

* សមាជិកគណៈឱសថការីកំពង់ស្ពឺ មានចំនួន ៩១នាក់ ក្នុងនោះស្រីមាន ៦៣នាក់ ប្រុសមាន ២៨នាក់ ឱសថការីឧត្តមមានចំនួន ៧១នាក់ ឱសថការីមធ្យមមានចំនួន១៩នាក់
* ចំពោះការពង្រាយឱសថការីបានគ្រប់តាមបណ្តាក្រុង ស្រុកទាំង០៨
* ចំណូល-ចំណាយពីឆ្នាំ២០១៨ ដល់ ៦ខែចុងក្រោយឆ្នាំ២០២០ ថវិកាសល់៩៤៩,៤០០រៀល, ចំណូល១៦,៣៩៦,០០០រៀល, ចំណាយ១,៨៨២,០០០ រៀល, ថវិកានៅសល់១៥,៤០៣,៤០០រៀល (បញ្ជាក់មិនទាន់បានបែងចែកថវិកាទៅថ្នាក់ជាតិ)។

លោកស្រី យឹម សុធារ៉ា ប្រធានឱសថសការី បានអានរបាយការណ៍សា្វគមន៍ ដោយគួសបញ្ជាក់ថា ស្ថិតក្នុងអាណត្តិទី២ រយៈពេល៣ឆ្នាំចុងក្រោយ ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ស្ពឺ បានធ្វើកម្មវិធីផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈ និងអង្គភាព ឬដៃគូផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងចែកវិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពជាដល់សមាជិក សមាជិកា។ ក្នុងនោះក្រុមប្រឹក្សាគណៈឱសថការី បានរៀបចំកាត់ឯកសណ្ឋានសម្រាប់សមាជិក សមាជិកាក្រុមប្រឹក្សាគណៈឱសថការី បានរៀបចំកិច្ចប្រជុំប្រចាំឆមាស ២ដង/១ឆ្នាំ និងបានចូលរួមប្រជុំនៅថ្នាក់ភូមិភាគ ចំនួន ០៤លើក បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈឱសថការីជាតិចំនួន ០៥លើក បានចូលរួមផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រង់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមការិយាល័យសុខាភិបាលស្រុកទាំង៤ ។

លោកស្រីបន្តថា ដោយសារឆ្នាំ២០២០ បណ្តាប្រទេសទូទាំងសកលលោករួមទាំងប្រទេសកម្ពុជា បានជួបប្រទះបញ្ហាជំងឺកូវីត-១៩ ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ស្ពឺ បានចូលរួមឧបត្ថម្ភសម្ភារមួយចំនួនជូនមន្ទីរសុខាភិបាលខេត្ត និងថវិកាមួយចំនួនដល់ក្រុមប្រឹក្សាគណៈ ឱសថការីជាតិ។

លោក បាន បុត្តា បានថ្លែងខ្លឹមសារសំខាន់ៗមួយចំនួនរួមមាន៖

* ដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តលិខិតបទដ្ឋាន ច្បាប់ឬគោលការណ៍នានា ដែលពាក់ព័ន្ធដល់សមាជិក សមាជិការបស់ខ្លួន ក្រុមប្រឹក្សាគណៈឱសថការីខេត្ត ត្រូវមានទិសដៅអនុវត្ត ក្នុងការប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យ តាមដាន និងដោះស្រាយបញ្ហានានា

* ចែករំលែកបទពិសោធន៍គ្រប់សកម្មភាពចូលរួមវគ្គអភិវឌ្ឍសមត្ថភាព ឬសិក្ខាសាលា ឬប្រជុំនានា

* ត្រូវរៀបចំផែនការសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណៈឱសថការី

* លើកគម្រោងផ្សព្វផ្សាយនៅតាមថ្នាក់មូលដ្ឋានសុខាភិបាលស្រុកប្រតិបត្តិ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ Antibiotique ឬប្រើសេរ៉ូម ដោយសហការជាមួយមន្ទីរសុខាភិបាល ជូនដល់ប្រជាជនឱ្យបានយល់

* ត្រូវលើកគម្រោងវគ្កបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងឱសថស្ថាន/រង អោយបានល្អ(GPP)ដល់ឱសថការី ទទួលខុស ត្រូវ បច្ចេកទេស ដោយរួមសហការ នឹងមន្ទីរសុខាភិបាលខេត្ត

* លើកគម្រោងចំណាយថវិកាសមស្រប ដោយមានផែនការលម្អិតប្រចាំឆ្នាំនីមួយៗ ដើម្បីមានថវិកាគាំទ្រដល់ការចំណាយសម្រាប់ សម្ភារការិយាល័យ សម្រាប់ទីតាំង និងកម្មវិធីប្រជុំ សម្រាប់សកម្មភាពចុះផ្សព្វផ្សាយជាដើម

* ត្រូវលើកកម្មវិធីប្រជុំរួមប្រចាំឆ្នាំរវាងគណៈទាំង៥ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងដោះស្រាយបញ្ហាមួយចំនួន ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ៕