(ភ្នំពេញ)៖ ពិធីបុណ្យទន្លេ (River Festival) លើកទី២ ឆ្នាំ២០១៦ គ្រោងនឹងធ្វើឡើងនាពាក់កណ្ដាលខែមីនាខាងមុខ នេះហើយ ប៉ុន្ដែឆ្នាំនេះ មានខេត្តពីរ ត្រូវបានរាជរដ្ឋាភិបាល ចេញគោលការណ៍ឲ្យរៀបចំពិធីរយៈពេល១ឆ្នាំម្តងនេះ គឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបំបែកចេញពីគ្នាកាលពីឆ្នាំ២០១៤ ។ នេះបើតាមឲ្យដឹងពីលោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កាលពីរៀបចំបុណ្យទន្លេ លើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ មានភ្ញៀវចរជាតិ និងអន្ដរជាតិ ប្រមាណជិត ២០ម៉ឺននាក់ឯណោះ បានចូលរួមលេងកម្សាន្ដ ជាមួយនឹងការរៀបចំកម្មវិធីប្រគំតន្ដ្រី ការតាំងពិព័រណ៍និងព្រឹត្តិការណ៍កីឡា ជាច្រើននៅទីនោះ ។ តែឆ្នាំ២០១៦ នេះ រឹតតែអស្ចារ្យជាងឆ្នាំមុនទៅទៀត បន្ទាប់ពីរាជរដ្ឋាភិបាលចេញគោលការណ៍ឲ្យខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ធ្វើម្ចាស់ផ្ទះបុណ្យទន្លេ លើកទី២រួមគ្នា ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានបន្ដថា ក្រោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលក្រសួងទេសចរណ៍និងស្ថាប័ន ពាក់ព័ន្ធ បានត្រៀមខ្លួនជាស្រេច នៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីតាំងគោលដៅនៃខេត្តទាំងពីរ សម្រាប់ប្រារព្ធធ្វើពិធីបុណ្យទន្លេ ដែលនឹងមានការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន រួមមានកម្មវិធីប្រគំតន្ដ្រី តាំងពិព័រណ៍ កីឡា និងកម្មវិធីកម្សាន្ដប្លែកៗជាច្រើនទៀត ដើម្បីបង្កើនប្រជាប្រិយភាពតំបន់ទេសចរណ៍តាមដងទន្លេ ។
លោកបានសង្កត់ធ្ងន់ថា «ឆ្នាំនេះ ចំនួនអ្នកចូលរួមពិធីបុណ្យទន្លេ អាចនឹងមានការកើនឡើងច្រើន ព្រោះប្រជាពលរដ្ឋ ក្នុងខេត្តទាំងពីរ មានរាប់លាននាក់ បូករួមទាំងភ្ញៀវទេសចរជាតិ-អន្ដរជាតិ គឺអាចកើនឡើងដល់៤០ម៉ឺននាក់ ខណៈបុណ្យទន្លេ លើកទី១មានអ្នកចូលរួម ជិត២០ម៉ឺននាក់ប៉ុណ្ណោះ» ។ ការលើកឡើងបែបនេះ ដោយសារលោកយល់ ឃើញថា ខេត្តទាំងពីរមានសក្ដានុពលខ្លាំងហើយជាខេត្ត នៅជិតរាជធានីភ្នំពេញទៀត ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលបានបញ្ជាក់ទៀតថា ជាមួយនឹងការរៀបចំបុណ្យទន្លេលើក ទី២នេះ NOCC ក៏គ្រោងនឹងបញ្ចូលសកម្មភាពកីឡាជាង១០ប្រភេទ ដើម្បីបង្កើនភាពទាក់ទាញ និងផ្ដល់ទស្សនីយ ភាពប្លែងៗជូនភ្ញៀវទេសចរទស្សនា កម្សាន្ដផងដែរ រួមមានកីឡាក្បាច់គុនបុរាណខ្មែរល្បុក្កតោ, ចំបាប់, ប្រដាល់សេរី, អុំទូកខ្នាតតូច, រត់ប្រណាំងកម្សាន្ដ, បាល់ទះ, ហែលទឹក, កីឡាហោះហើរលើទឹក, អុកចត្រង្គ និងកីឡាហោះហើរលើ អាកាសជាដើម ៕