(ពោធិ៍សាត់)៖ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក ទី នរិន្ទ បានអំពាវនាវដល់ដល់យុវជន យុវនារី ក៏ដូចជាប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ទាំងអស់ ចូលរួមលេង ព្រោះកីឡានាំមកនូវការសាមគ្គី សុខភាពល្អ កម្លាំងមាំមួន និងបានចៀសឆ្ងាយពីគ្រឿងញៀន។
ការថ្លែងអំពាវនាវឲ្យយុវជនចូលរួមលេងកីឡារបស់ ទី នរិន្ទ បានធ្វើឡើងនៅក្នុងពិធីប្រគល់រង្វាន់ជ័យលាភីប្រណាំងកង់ ក្រោមប្រធានបទ «នាំគ្នាជិះកង់ ដើម្បីបរិស្ថានបៃតង ដែលមានខ្លឹមសារល្អសម្រាប់សង្គមជាតិយើង» ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងយុវជនក្នុងស្រុកភ្នំក្រវាញ និងថែរក្សាពូជឈើប្រណិតៗ ដែលបាត់បង់ដោយសារកាប់រានព្រៃ នាព្រឹកថ្ងៃទី៣១ ខែមករា នៅវត្តសុវណ្ណមុនីរុក្ខារាម ហៅវត្តជង្រុកចាស់ ស្ថិតនៅក្នុងភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក ទី នរិន្ទ បានឲ្យដឹងថា ប្រធានបទនាំគ្នាជិះកង់ដើម្បីបរិស្ថានបៃតង នៅក្នុងស្រុកភ្នំក្រវាញនាឆ្នាំនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរអគ្គីសនីកម្ពុជា លើវិស័យកីឡា។
សូមបញ្ជាក់ថា ការប្រកួតកីឡាករ កីឡាការនីជិះកង់លើចម្ងាយផ្លូវប្រមាណ ២២គីឡូម៉ែត្រ ជ័យលាភីជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ទាំងបុរស ទាំងនារី ទទួលបានពានរង្វាន់១ អមដោយថវិកា ១លាន២០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ ថវិកា ១លានរៀល ចំណាត់ថ្នាក់លេខ៣ ថវិកា ៨០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ៤ ថវិកា ៦០ម៉ឹនរៀល និងចំណាត់ថ្នាក់លេខ៥ ថវិកា ៤០ម៉ឺនរៀល។
ក្រៅពីរង្វាន់ជ័យលាភី នៅមានរង្វាន់សម្រាប់លួងចិត្តជាច្រើន សម្រាប់លើកទឹកចិត្តដល់យុវជន ដែលបានចូលរួមក្នុងការប្រណាំង កង់តាមរយៈការចាប់ឆ្នោត ក្នុងនោះឆាំងបាយ អគ្គីសនីមាន ១០រង្វាន់ ឆ្នាំទឹកក្រឡុកអគ្គីសនី ៦រង្វាន់ កំសៀវអគ្គីសនី១៦ កង្ហាបញ្ឈរ ៥០ និងកង្ហាតូច ១០០៕