(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់បុរសម៉ូតូឌុបម្នាក់ យកម៉ូតូមិនបានសម្រេច ហើយត្រូវបានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋនាំគ្នាព្រួតវាយវិញ ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវប៉េតុង ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។
បើតាមសំដីរបស់បុរសរងគ្រោះ ដែលត្រូវជនសង្ស័យវាយប្លន់យកម៉ូតូមិនសម្រេចនោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឌុបជនសង្ស័យ ចេញពីម្តុំគល់ស្ពានអាកាស៧មករា ក្នុងតម្លៃមួយម៉ឺនរៀល បំណងទៅផ្ទះរបស់បងជនសង្ស័យ នៅពេលជិះទៅដល់ផ្លូវប៉េតុងមួយក្នុងភូមិឫស្សី ជនសង្ស័យក៏បានយកខ្សែមករឹតក ដើម្បីសម្លាប់ប្លន់យកម៉ូតូ នៅពេលនោះជនរងគ្រោះដឹងខ្លួនក៏បានផ្ទួលម៉ូតូដួលទាំងពីរនាក់ ហើយបានប្រតាយប្រតប់គ្នា បណ្តាលឲ្យមានរបួសទាំងសងខាង បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាចេញមកវាយជនសង្ស័យ បណ្តាលឲ្យរងរបួសយ៉ាងដំណំផងដែរ។
ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាង មានម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅមួយគ្រឿង របស់ជនរងគ្រោះទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕