(ភ្នំពេញ)៖ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា កម្ពុជាធ្វើការងារបានល្អបើបៀបធៀបនឹងប្រទេសដទៃនៅក្នុងតំបន់ ក្នុងការទប់ស្កាត់នៃផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលមិនសូវមានភាពធ្ងន់ធ្ងរ។
ការគូសបញ្ជាក់យ៉ាងដូច្នេះ របស់លោកស្រី Sunniya Durrani-Jamal ធ្វើឡើងក្នុងកម្មវិធីផ្សាព្វផ្សាយអំពី បច្ចុប្បន្នភាពរបាយការណ៍ ស្ដីពី ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីផ្ដោតលើកម្ពុជា (ហៅកាត់ថា ADO Update) ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាធ្វើការងារបានល្អ ហើយយើងសំណាង ដែលស្ថានភាពនៃផលប៉ះពាល់ ជំងឺកូវីដ-១៩ មិនសូវមានភាពធ្ងន់ធ្ងរ ក្នុងប្រទេសកម្ពុជា បើបៀបធៀបទៅនឹងប្រទេសដទៃ នៅក្នុងតំបន់»។
លោកស្រី Sunniya Durrani-Jamal បានឲ្យដឹងថា ជំងឺរាតត្បាតបណ្ដាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជា មិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ។
លោកស្រីបានបន្ថែមទៀតថា «យើងរំពឹងថា កំណើនសេដ្ឋកិច្ច នឹងស្ទុះងើបឡើងវិញដល់៥.៩% នៅក្នុងឆ្នាំ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម»។
លោកស្រីបានបញ្ជាក់ថា វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែលចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និងអាជីវកម្មនានា ហើយនឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងខ្លាំងជាងមុនក្រោមកូវីដ១៩។
លើសពីនោះទៀតនាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាម៉េរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF) ប្រហែល ១ភាគ៣ ក្នុងឆមាសទី១ នៃឆ្នាំ ២០២០។
លោកស្រីបន្ដថា ប៉ុន្តែកំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច បានជំរុញឲ្យការនាំចេញ ផលិតផលក្រៅពីទំនិញកាត់ដេរ របស់កម្ពុជាកើនឡើង ៣០.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយនៃឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ADB បានដំឡើងតួលេខ នៃការព្យាករសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២០ ដោយផ្អែក លើភាពប្រសើរជាងមុន នៃផលិតកម្មវិស័យកសិកម្ម និងការកើនឡើង នៃការនាំចេញផលិតផលមិនមែនសំលៀកបំពាក់ ដូចជា កង់ និង គ្រឿងអេឡិចត្រូនិច។
សូមជម្រាបផងដែរថា ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស សម្រាប់ឆ្នាំ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ១.៤៥ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា។
ជំនួយទាំងនោះ ដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្ម និងធនធានធម្មជាតិ ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពរស់នៅទីក្រុង និងជនបទ គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពល កកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍជំនាញ៕