(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកលទ្ធកម្មដាក់ឱ្យដេញថ្លៃគម្រោងមូលនិធីអភិវឌ្ឍន៍សង្កាត់ទាំង ៥ សម្រាប់ឆ្នាំ២០២០ រួមមាន៖ សង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក សង្កាត់ទួលទំពូង១ សង្កាត់ទួលទំពូងទី២ និងសង្កាត់ផ្សារដើមថ្កូវ ខណៈពិធីនេះបានធ្វើឡើងនៅបរិវេណវត្តទួលទំពូង ក្នុងនោះមានក្រុមហ៊ុនចំនួន ៦ បានចូលរួមក្នុងការដេញថ្លៃនេះ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំទី២ របស់ក្រុមប្រឹក្សាសង្កត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
លោកបានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំនេះ យើងបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង ៥ បានខិតខំកែលម្អសោភ័ណភាព កសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត ដូចជា ការជួសជុលផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូជាដើម»។
គម្រោងអភិវឌ្ឍន៍ក្នុងសង្កាត់ទាំង ៥ នោះរួមមាន៖
* សង្កាត់ទន្លេបាសាក់ ដាក់ដេញថ្លៃគម្រោងជីកដាក់លូមូលរំដោះទឹក នៅភូមិ៩ និងភូមិ១៦ ប្រវែងសរុប ៤៧៦ម៉ែត្រ។
* សង្កាត់បឹងត្របែក ដាក់ដេញថ្លៃគម្រោងជីកដាក់លូតាមផ្លូវ៤២០ និងផ្លូវ៤២៨ ស្ថិតនៅភូមិ២ ដែលមានប្រវែងសរុប ៤៥៤ម៉ែត្រ មានមុខកាត់ ៦តឹក និងស្លាកសញ្ញាគម្រោង ១កន្លែង។
* សង្កាត់ទួលទំពូង១ ដាក់ដេញថ្លៃគម្រោងសាងសង់ប្រព័ន្ធលូថ្មីក្នុងភូមិ៤ ផ្លូវលេ៤៦០ ដែលមានប្រវែងសរុប ២៩១ម៉ែត្រ និងមានមុខកាត់ ៦តឹក។
* សង្កាត់ទួលទំពូងទី២ ដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវកៅស៊ូអាល់ហ្វាល់ ២ខ្សែ ដោយខ្សែទី១ មានប្រវែង ១,០៩៥ម៉ែត្រ ទទឹងជាង ៦ម៉ែត្រកន្លះ កម្រាស់ ៥០មីលីម៉ែត្រ និងខ្សែទី២ មានប្រវែង ៨១៣ម៉ែត្រ ទទឹង ៧.២៤៦ម៉ែត្រ កម្រាស់ ៥មីលីម៉ែត្រ និងស្លាកសញ្ញាគម្រោង ១កន្លែង។
* សង្កាត់ផ្សារដើមថ្កូវ ដាក់ដេញថ្លៃលើគម្រោងដាក់លូរំដោះទឹក ២ខ្សែ ដោយខ្សែទី១ មានប្រវែង ២៣៥ម៉ែត្រ មុខកាត់ ៦តឹក និងខ្សែទី២ មានប្រវែង ៦០០ម៉ែត្រ មុខកាត់ ៦តឹក ក្នុងភូមិ២ និងភូមិ៥ និងស្លាកសញ្ញាគម្រោង ១កន្លែង។
លោក កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូចហ៊ានដេញថ្លៃទាបខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគម្រោង គឺមានភាពយ៉ឺតយ៉ាវ គ្មានសោភ័ណភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំមានការទទួលខុសត្រូវ និងអនុវត្តបានល្អ រហូតទទួលបាននូវបណ្ណសរសើរពីសាលារាជធានីភ្នំពេញទៀតផង។
លោកក៏បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ កុំឱ្យមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។
ជាមួយគ្នានេះដែរ លោក ថេង សុថុល បានស្នើឱ្យគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃតាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យាគម្រោង កុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង៕