(ភ្នំពេញ)៖ នាយនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិឯកជន ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើការកោតសរសើរដល់មន្ដ្រីនគរបាល នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ រហូតទទួលបាននូវមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ។ លោកបញ្ជាក់ថា អ្វីដែលទទួលបាននៅថ្ងៃនេះ គឺបានមកពីអ្វីដែលសាមីខ្លួនខិតខំប្រឹងប្រែងកន្លងមក។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអះអាងថា ការប្រកាសតួនាទី និងតម្លើងឋានន្ដស័ក្ដិ គឺដោយសារការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ មានប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីលើកទឹកចិត្តដល់មន្ដ្រីនគរបាលដែលខិតខំប្រឹងប្រែងបំពេញការងារ។
បើតាមលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី មន្ដ្រីនគរបាលដែលទទួលបានមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិទាំងអស់ ត្រូវគិតថានេះជាបន្ទុកថ្មីបន្ថែមទៀតសម្រាប់ខ្លួនឯង ពោលត្រូវយកអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូននេះ ប្រើប្រាស់ឲ្យចំគោលដៅ និងទៅតាមអ្វីដែលជាការបញ្ជាដឹកនាំ ហើយមិនត្រូវយកទៅគៀបសង្កត់ប្រជាពលរដ្ឋនោះទេ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានក្រើនរំលឹក និងណែនាំនូវការងារមួយចំនួនផងដែរ រួមមាន៖
*ត្រូវដឹងគុណ និងមានភក្ដីភាព ការពារដាច់ខាតចំពោះព្រះមហាក្សត្រ ប្រមុខនៃរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ
*ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះឧបាយកល សកម្មភាពរបស់ក្រុមអមិត្ត ដែលពង្រីកនូវផែនការកខ្វក់ផ្ដូលរំលំរាជរដ្ឋាភិបាល
*ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាព និងបន្ដប្រពៃណីសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបន្ដទៀត
*ត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសយានយន្ដដែលបំពាក់ផ្លាកលេខអង្គភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានធ្វើសេចក្ដីរាយការណ៍ដែរ អំពីអ្វីដែលនាយកដ្ឋានសម្រេចបាន ពិសេសពាក់ព័ន្ធការងារបណ្ដុះបណ្ដាលភ្នាក់ងារសន្ដិសុខឯកជន។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន រហូតមកដល់ពេលនេះ បានបើកវគ្គបំប៉នជំនាញភ្នាក់ងារ សន្ដិសុខឯកជន ចំនួន២៧វគ្គ ដែលមានសិក្ខាកាមចូលរួមសរុប ៥,១៣១នាក់ (ស្រី១៣៤នាក់) ក្នុងនោះ ភ្នាក់ងារសន្ដិសុខឯកជន មកពីក្រុមហ៊ុនផ្ដល់សេវា សន្ដិសុខឯកជន និងសហគ្រាស-គ្រឹះស្ថាន សរុប៥,០៣៧នាក់, មន្ដ្រីនាយកដ្ឋាន ចំនួន៥៩នាក់, មន្ដ្រីការិយាល័យគ្រប់គ្រងសន្ដិសុខឯកជន នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៣៥នាក់៕