(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សុខ សេដ្ឋមករា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ បានបន្តចុះឆែកឆេររថយន្តរបស់ជនជាតិចិន ដែលបង្ក្រាបបានយប់មិញពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្តែមិនមានរកឃើញថ្នាំ ញៀនទៀតនោះទេ។
នៅក្នុងប្រតិបត្តិការបង្ក្រាបយប់មិញ សមត្ថកិច្ចបានបញ្ជាក់ថា រកឃើញថ្នាំហេរ៉ូអ៊ីន១៤ដុំ ស្មើ៤៨៧២ក្រាម និងថ្នាំក្រាមស ខេតាម៊ីន ជិត៤គីឡូក្រាមរបស់ជនជាតិចិន ២នាក់ប្តីប្រពន្ធ ដែលបាន ចោលក្បែររថយន្ត ហើយរត់បាត់កាលពីយប់មិញ។
សូមបញ្ជាក់ថា ថ្នាំញៀនប្រភេទហេរ៉ូអ៉ីន ១៤កញ្ចប់ធំ និងថ្នាំក្រវីប្រភេទម៉្សៅខេមួយស្បោងធំជិត៥គីឡូក្រាទៀត ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆែករកឃើញ និងឃាត់ខ្លួន គ្រាដែលឃាត់រថយន្តជនជាតិចិន បើកគេចត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយយកទៅថតចោលបន្សល់ទាំងកូនក្មេង២នាក់ទៀត ក្នុងរថយន្តផងដែរកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមនដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ និងលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ សហការជាមួយកម្លាំងស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ កម្លាំងនគរបាលខណ្ឌ រួមទាំងកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ និងក្រុមសន្តិសុខកោះពេជ្រ បានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនៅចំណុចជិតស្ពានហង្ស ក្នុងមូលដ្ឋាន។
ពេលនោះស្រាប់ឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-7669 បើកដោយជនជាតិចិន បានធ្វើដំណើរមកចូលគោលដៅត្រួតពិនិត្យ ក្នុងល្បឿនលឿន ហើយសមត្ថកិច្ចក៏ហៅឲ្យឈប់ ដើម្បីសុំត្រួតពិនិត្យ តែរថយន្តខាងលើមិនបានឈប់ឲ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យនោះទេ ក៏បានបន្ថែមល្បឿនបើកគេចចេញពី គោលដៅសមត្ថកិច្ច រួចក៏ជ្រុលទៅបុកប៉ារាស់របស់សមត្ថកិច្ចទៀតឆ្ពោះចូលក្នុងកោះពេជ្រ។
ភ្លាមៗនោះកម្លាំងម៉ូតូប្រដេញក៏បានចេញជួយអន្តរាគមន៍ ដេញតាមពីក្រោយ ខណៈមកជិតខុនដូមួយឈ្មោះ Prince Fresh ក៏បានឈប់រថយន្ត រួចក៏បានបោះថង់ខ្មៅចោលនៅជិតរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកកូនតូចប្រុសស្រី២នាក់ ក្នុងរថយន្តកំពុងតែយំរកឪពុកម្ដាយ។ ក្រោយហេតុការណ៍នេះដែរ សមត្ថកិច្ចបានឆែកឆេរក្នុងថង់ខ្មៅ ឃើញសុទ្ធគ្រឿងញៀន ប្រភេទម្សៅខេជិត ៥គីឡូក្រោម និងលុយដុល្លារមួយចំនួនទៀត។
ខណៈនោះ ដោយមានការសង្ស័យថា លោក ថេង សុថុល ក៏បានបញ្ជាឲ្យសមត្ថកិច្ច តាមរកប្តីប្រពន្ធសង្ស័យទៅសម្ងំក្នុងបន្ទប់ ស្រាប់តែទៅមិនទាន់ដល់បន្ទប់ផង បានលេចមុខបុរសជនជាតិចិនម្នាក់ ដើរចេញពីក្នុងសណ្ឋាគារមានយួរ វ៉ាលីខ្មៅចេញមកខាងក្រៅ ឈរមើលគេមើលឯងបានមួយសន្ទុះ ស្រាប់តែជនជាតិចិនរូបនោះស្ទុះរត់សំដៅឡើងរថយន្ត តែត្រូវបានសមត្ថកិច្ចសង្ស័យ ក៏ហៅឲ្យឈប់ និងបានឆែកឆេររកឃើញថ្នាំប្រភេទហេរ៉ូអ៊ីន ចំនួន១៤ដុំទៀត។
ប្រតិបត្តិការណ៍នេះ បានបញ្ចប់វេលាម៉ោង ១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ បច្ចុប្បន្នបុរសជនជាតិចិន រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនគីឡូ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ និងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី នៃច្បាប់។ ចំណែកឯប្តីប្រពន្ធរត់គេចខ្លួនបាត់ ទុកកូនចោល ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត។
សូមបញ្ជាក់ថា នៅចំណុចអគារខុនដូរ Prince Fresh តាមផ្លូវកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនេះ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ក្រសួងមហាផ្ទៃ ក៏បានបង្ក្រាបករណីគ្រឿងញៀន រហូតមានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ៕