(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ប៉ា សុវណ្ណារិទ្ធ ដាក់ពន្ធនាគារបណ្តោះអាសន្នសិនពីបទហិង្សា ដើម្បីរងចាំជំនុំជម្រះតាមនីតិវិធី។ នេះបើយោងតាមការបញ្ជាក់របស់ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ។
ការសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ ធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ចប់បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ពីបទហិង្សា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ ប៉ា សុវណ្ណារិទ្ធ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធលើករណីវាយនារីជាសង្សា បណ្ដាលរបួសពេញផ្ទៃមុខ នៅសង្កាត់ភ្នំពេញថ្មី។ អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង១៖៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
ប៉ា សុវណ្ណារិទ្ធ មានអាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះ ជាសង្សាឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើដូចគ្នា៕