(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី អមដំណើរដោយសមាគមអតីតយុទ្ធជនស្រុកសណ្តាន់ រួមជាមួយអាជ្ញាធរដែនដី បានប្រគល់ផ្ទះថ្មីមួយខ្នងជាអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្តមសេនីយទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានផ្តល់អំណោយស្បៀងអាហារ និងថវិការបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន៤គ្រួសារផ្សេងទៀត ដែលសកម្មភាពទាំង២ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាលោកនាយចំណង់ នូ លី អាយុ៦៣ឆ្នំា ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពវរសេនាតូចលេខ៣ នៃយោធាខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការនៅឆ្នាំ១៩៩២ នៅសមរភូមិឃុំនីពេជ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ លោក នូ លី មានភរិយាតែទទួលមរណភាពចោល ដោយបន្សល់ទុកកូនចំនួន ៤នាក់នៅក្នុងបន្ទុក ហើយបច្ចុប្បន្នរស់នៅភូមិសំរិទ្ធ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ផ្ទះថ្មីដែលបានសាងសង់រួចរាល់ប្រគល់ជួនគាត់នៅពេលនេះ សាងសង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំង និងរនាបក្រាលក្តារ ជណ្ដើរកាច់មានទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ។ ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខ ទុក្ខនិងជីវភាពរស់នៅរបស់អតីយុទ្ឋជន និងប្រជាជនយើងគ្រប់ពេលវេលា។
«សម្តេចទាំងពីរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវបន្តការប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ១៩ ដែលបច្ចុប្បន្មមានមនុស្សរាប់លានកំពុងឆ្លងរីករាលដាល និងមានអ្នកស្លាប់ជិតមួយលាននាក់ហើយ»។ នេះបើតាមលោក សោម ស៊ុន។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារបាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនគាត់មានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនូន២យួរ មុងជ្រលក់ថ្នាំចំនួន១ និងថវិកាមួយចំនួនផងដែរ ដោយប្រជាពលរដ្ឋទីទ័លក្រចំនួន ៤គ្រួសារផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនេះ ទទួលបានក្នុងមួយគ្រួសារនូវអង្ករចំនួន ២៥គីឡូក្រាម មីចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនូន ២យួរមុងជ្រលក់ថ្នាំចំនួនមួយ និងថវិកាមួយចំនួនទៀត។
គួរបញ្ចាក់ថា ផ្ទះថ្មីដែលបានប្រគល់នាពេលនេះ គឺជាផ្ទះទី១៧០ហើយ ដែលសម្តេចតេជោ បានប្រគល់ដល់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ៕