(កែប)៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកែប ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហាផ្សេងៗ និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាល ប្រគល់ជូនបានយ៉ាងល្អ ហើយបានធ្វើឱ្យខេត្តទទួលបានការរីកចម្រើនគួរជាទីមោទន។
ជាមួយនេះផងដែរ លោក អ៉ិត សំហេង ក៏បានកោតសរសើរចំពោះមន្ទីរការងារខេត្តកែប ដែលបានសហការយ៉ាងល្អជាមួយនឹងរដ្ឋបាលខេត្តកែប អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានាក្នុងខេត្តកែប ក្នុងការដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ស្តីពីការងារ សំដៅធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តប្រកបដោយជោគជ័យស្របតាមអនុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់របស់កម្មករនិយោជិត។
ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ២០១៩-២០២៣ ក្រោមពាក្យស្លោកសហគ្រាស គ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់ ដោយបានសម្រិតសម្រាំង និងធ្វើអាទិភាវូបនីយកម្មនូវសកម្មភាពជាយុទ្ធសាស្ត្រទាំង ៥ ដែលមានចែងនៅក្នុងផែនការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ឱ្យកាន់តែមុតស្រួចថែមទៀត ជាពិសេសបានកំណត់នូវសូចនាករលទ្ធផលការងារ ពេលវេលា និងអង្គភាពប្រតិបត្តិករកាន់តែច្បាស់លាស់ និងមានសង្គតិភាពជាមួយក្របខ័ណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីទិសដៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២០នេះ ដើម្បីសម្រេចឱ្យបាននូវអាទិភាពមួយចំនួន ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមខ្លួនក្នុងការដោះស្រាយដល់ការវិវត្តន៍ថ្មីៗ នៃស្ថានភាពសេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាធានាថាកម្ពុជានៅតែបន្តបាននូវភាពប្រកួតប្រជែង ពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ នៅកម្ពុជានៅតែបន្តនិរន្តភាព ហើយកម្មករនិយោជិតនៅតែទទួលបានការងារធ្វើទទួលបាននូវប្រាក់ឈ្នួល ការពារសិទ្ធិ និងអត្ថប្រយោជន៍នានា ហើយដែលទាំងនេះវាតម្រូវឱ្យយើងទាំងអស់គ្នា ជាពិសេសទាំងថ្នាក់ក្រសួង មន្ទីរ និងរដ្ឋបាលខេត្តកែប អាជ្ញាធរដែនដី ចូលរួមសហការកាន់តែជិតស្និទ្ធថែមទៀត ដើម្បីសម្រេចឱ្យបាននូវទិសដៅទាំងនេះ។
លោក អ៉ិត សំហេង បានផ្តល់នូវអនុស្សាសន៍ដល់លោកប្រធានមន្ទីរការងារខេត្តកែបថ្មី ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ រួមមាន៖
ទី១៖ ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តកែបប្រគល់ជូន។
ទី២៖ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ទី៣៖ ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ទី៤៖ ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។
ទី៥៖ ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
ទី៦៖ ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង ៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះលោក ស្រី សាម៉ន ដែលទទួលបានមុខតំណែងនាពេលនេះ ជំនួសលោក ឌិក ឡាយហ៊ាក ដែលត្រូវចូលនិវត្តន៍ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប រដ្ឋបាលខេត្តកែប មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តកែប នឹងខិតខំបំពេញការងាររួមគ្នាសហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត៕