(ពោធិ៍សាត់)៖ មន្រ្តីទូទាំងខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបប្រជុំគ្នាពិនិត្យលើលទ្ធផល ដែលសម្រេចបាននៅក្នុងឆ្នាំ២០១៥ និងដាក់ចេញនូវ​ទិសដៅថ្មីសម្រាប់​ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានលើកបង្ហាញពីភាពល្អប្រសើររបស់មន្រ្តីក្នុងខេត្តទាំងមូល ដែលបានខិតខំរួមគ្នាបម្រើការងារជូនប្រជាពលរដ្ឋ និងជួយលើកកម្ពស់​មុខមាត់​ខេត្តផង​ដែរ។ លោកអភិបាលខេត្ត បានមើលឃើញថា ការថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមបង្ការ ទប់​ស្កាត់ និងកាត់បន្ថយបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ។

បើទោះជាយ៉ាងនេះក្តី លោកអភិបាលខេត្ត បានជំរុញឲ្យមន្រ្តីក្នុងខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ទៅលើបញ្ហាចំនួន ៥ផ្សេងទៀត សម្រាប់អនុវត្តន៍នៅឆ្នាំ២០១៦ ដើម្បីជួយលើកកម្ពស់​ជីវភាពរបស់​ប្រជាពលរដ្ឋ និងថែររក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់រាល់បទល្មើសទូទាំងខេត្ត។

ការងារទាំង ៥នោះរួមមាន៖
១. ទប់ស្កាត់ និងការបង្រ្កាបការចរាចរណ៍គ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
២. ការរៀបចំផែនការ និងយុទ្ធសាស្រ្តក្នុងការរៀបចំកែលម្អទីក្រុង ដើម្បីទទួលបានជ័យលាភីជាទីក្រុងស្ទង «រំដួលបីទង»។
៣. វិធានការទប់ស្កាត់រុករានទន្ទ្រានដីព្រៃខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
៤. ការគ្រប់គ្រង និងការទប់ស្កាត់ការសាងសង់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត។
៥. វិធានការជួយសង្រ្គោះស្រូវ និងដំណាំកសិកម្មនៅពេលជួបគ្រោះរាំងស្ងួតឆ្នាំ២០១៦៕