(ភ្នំពេញ)៖ នៅជិតចុងបញ្ចប់នៃការសន្ទនាជាង២ម៉ោង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បានស្នើឱ្យ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជាកូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយការពារសុវត្ថិភាពរបស់លោក អំឡុងបំពេញបេសកកម្ម៣ខែ នៅក្នុងប្រទេសកម្ពុជា ខណៈកន្លងមកលោកបានស្នើសុំពឹងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ តាមជួយការពារសុវត្ថិភាពលោក ព្រោះលោកព្រួយបារម្ភខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិកលួចបាញ់សម្លាប់។
បេសកកម្មរបស់លោក ជុន ច័ន្ទបុត្រ បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៧ ដោយលោកអះអាងថា មានផែនការចំនួន៥ ដែលត្រូវអនុវត្តក្នុងនោះក៏ផ្តោតការសម្ភាសបុគ្គលិក អាស៊ីសេរី និងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ផងដែរ។ ជាមួយគ្នានេះលោកអះអាងថា បេសកកម្មរបស់លោក មិនផ្តោតទៅលើការស្លាប់របស់លោក កែម ឡី នោះទេ។
បន្ទាប់ពីរៀបរាប់យ៉ាងក្បោះក្បាយនូវរឿងរ៉ាវផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរីពីសំណាក់លោក ជុន ច័ន្ទបុត្រ រួចហើយ, លោក ហ៊ុន ម៉ាណែត បានផ្តល់លេខទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីឲ្យលោក ជុន ច័ន្ទបុត្រ អាចទាក់ទងទៅកាន់លោកដោយផ្ទាល់បាន។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ពូមានរឿងអ្វីពូអាចទាក់ទងខ្ញុំបាន មិញនេះខ្ញុំបានផ្ញើ Whatsapp ទៅពូហើយ»។ ជាការឆ្លើយតបលោក ជុន ច័ន្ទបុត្រ បានទទួលយក និងស្នើឱ្យ លោក ហ៊ុន ម៉ាណែត ជួយការពារសុវត្ថិភាពរបស់លោក ដោយនិយាយតបថា៖ «បាទ ! ក្មួយមានអីៗ ក្មួយជួយមើលសុវត្ថិភាពពូផង !»។
ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបទៅវិញថា ៖ «បាទពូ ពូមានអ្វីដែលព្រួយបារម្ភ ឬក៏ត្រូវការជួយពូអាចទាក់ទងមកខ្ញុំបាន ឬក៏ចង់សម្ភាស...»។
បេសកកម្មរបស់ លោក ជុន ចាន់បុត្រ បានធ្វើឡើងមុនខួប១ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ បើទោះបីជាឃាតករត្រូវបានចាប់ខ្លួនភ្លាមៗ ក៏ប៉ុន្តែមានការវិភាគជាច្រើនទៀតថា ករណីនេះអាចបង្កឡើងដោយជនបាតដៃទី៣ ដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ដោយសារមុនពេលស្លាប់ លោក កែម ឡី បានសរសេរអត្ថបទមួយចំនួន រិះគន់រដ្ឋាភិបាលផងដែរ។
ចំណែកលោក ជុន ច័ន្ទបុត្រវិញ, មុនបំពេញបេសកកម្ម លោក ជុន ច័ន្ទបុត្រ ក៏បានសរសេរអត្ថបទរិះគន់ដល់រដ្ឋាភិបាល ប៉ុន្តែលោកបែរជាស្នើសុំឱ្យភាគីកងទ័ពជួយការពារសុវត្ថិភាពជូនលោកទៅវិញ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានទម្លាយថា លោក ជុន ចាន់បុត្រ ធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក ដូចសម្លាប់ដូច កែម ឡី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ជុន ចាន់បុត្រ ឥឡូវកំពុងមានវត្តមាននៅអូស្ត្រាលី។ ជុន ចាន់បុត្រ បានទៅជួបឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ មុន ជុន ចាន់បុត្រ ជួប ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំ។ តើ ជុន ចាន់បុត្រ គាត់និយាយថា ម៉េចទេ? គាត់សុំឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួយការពារផងប្រយ័ត្នពួកអាមេរិកសម្លាប់គាត់ដូច កែម ឡី។ ជុន ចាន់បុត្រ បើអ្នកឯងហ៊ានស្បថថា អ្នកឯងជួប ម៉ៅ សុផាន់ ហើយជួបកូនប្រុសខ្ញុំឬអត់?»៕