(ទីក្រុងបាដាដ)៖ រដ្ឋាភិបាលអ៉ីរ៉ាក់ បានអំពាវនាវរកជំនួយជាងទឹកប្រាក់ប្រមាណ ១,៥៦ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦នេះ ដើម្បីកាត់បន្ថយវិបត្តិមនុស្សជាតិ ដោយសារតែប្រទេសមួយនេះ បានជួបនឹងសង្គ្រាមប្រឆាំងក្រុមឧទ្ទាម ISIS នេះបើយោងតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។
រដ្ឋាភិបាលនៃទីក្រុងបាដាដ បានបញ្ជាក់ថា ការអំពាវនាវរកជំនួយនេះដោយសារតែប្រទេស របស់ខ្លួនបានជួបនូវបញ្ហាប្រាក់ចំណូល បានមកពីការលក់ប្រេងធ្លាក់ចុះ ដូច្នេះហើយទើបអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយ។
យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានឲ្យដឹងថា ក្នុងមនុស្សប្រមាណ ៣.៣លាននាក់កំពុងគ្មាន ជំរកស្នាក់នៅ, ជនស៊ីវិល ១៨,៨០០នាក់ ត្រូវបានសម្លាប់ និង៣៦,២៤០នាក់ បានរងរបួស នៅក្នុងឆ្នាំ២០១៥ ដោយសារតែសង្គ្រាម ប្រឆាំងក្រុម ISIS។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលអ៉ីរ៉ាក់ បានចំណាយថវិកា ៨៥០លានដុល្លារអាមេរិក សម្រាប់ការខិតខំប្រឹងប្រែង លើវិស័យមនុស្សធម៌៕