(ភ្នំពេញ)៖ កម្លាំងចំរុះនៃរដ្ឋបាលខណ្ឌចំការមន ក្រោមការដឹកនាំបញ្ជាពីលោក ថេង សុថុល អភិបាលខណ្ឌ នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានចុះរឹតបន្តឹងអាវុធជាតិផ្ទុះក្នុងបរិវេណកោះពេជ្រ ក៏បានឆែករកឃើញគ្រឿងញៀនជិត៥គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤ដុំផ្សេងទៀត ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិត្តម្នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តប្រភេទ Lexus GS 300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7669 រួមដំណើរគ្នា៣នាក់ ស្រាប់តែមកដល់ចំណុចដែលមានកម្លាំងសមត្ថកិច្ច ក៏បានព្យាយាមបើកគេច ទៅចតជិតនឹងខុនដូមួយកន្លែង រួចក៏រត់គេចខ្លួនបាត់ស្រមោល ដោយទម្លាក់នូវកាតាបយួរដៃចំនួន២ ដោយនៅក្នុងកាតាបនោះផ្ទុក ទៅដោយគ្រឿងញៀន ប្រភេទកេតាមីនជិត៥គីឡូក្រាម។

បន្ទាប់មកកម្លាំងចំរុះក៏បានចុះទៅឆែកឆេរបន្ទប់ជនសង្ស័យនៅចំណុចខុនដូមួយកន្លែង មានឈ្មោះថា រីវើរ៉ា ផ្លាហ្សា ស្ថិតនៅក្នុងបរិវេណកោះពេជ្រ ស្រាប់តែ ឃើញបុរសជនជាតិចិនម្នាក់យួរថង់ពណ៌ប្រផេះក៏សង្ស័យ ទើបឃាត់ខ្លួនឆែរឆេរក៏ប្រទះឃើញគ្រឿងញៀន ប្រភេទហេរ៉ូអ៉ីនចំនួន១៤ដុំបន្ថែមទៀត នៅវេលាម៉ោង១២៖៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមច្បាប់៕