(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមវារីវប្បករកម្ពុជា និងមានការចូលរួម ពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងស្ថានទូតសហរដ្ឋអាមេរិក វារីវប្បករ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ នាសណ្ឋាគារហ៊ីម៉ាវ៉ារី នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍របស់លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមវារីវប្បករកម្ពុជា និងចំណាប់អារម្មណ៍ របស់លោក Jim Hershey នាយកគម្រោង CAST (សមាគមសណ្តែកសៀងសហរដ្ឋអាមេរិក) និងមតិរបស់លោកស្រី Laura Cizmo អនុប្រធានការិយាល័យ សន្តិសុខស្បៀង និងបរិស្ថាននៃទីភ្នាក់ងារជំនួយអាមេរិក (USAID) ដែលបានរំលេចឲ្យឃើញអំពីផលប្រយោជន៍ នៃគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្ម ដែលគម្រោងនេះ ទទួលបានហិរញ្ញប្បទានពីក្រសួងកសិកម្មសហរដ្ឋអាមេរិក ហើយវាកំពុងតែអនុវត្តដោយបានផ្តល់ផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។
លោករដ្ឋមន្ដ្រី វេង សាខុន បានបន្តទៀតថា ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ គឺបានបង្ហាញពីការចូលរួមសហការ ពីគ្រប់ភាគីពាក់ព័ន្ធឆ្លើយតបតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភា វូបនីយកម្ម និងពាណិជ្ជូបនីយកម្ម នៃវិស័យវារីវប្បកម្មនៅកម្ពុជា នាពេលអនាគត។
ព្រមជាមួយគ្នានេះដែរ ការបង្កើតសមាគមនេះឡើង ស្របតាមគោលការណ៍របស់ក្រសួង ក្នុងការជំរុញវិស័យវារីវប្បកម្មកម្ពុជា ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងនីតិវិធីច្បាប់ បច្ចេកទេសផលិត ការងាររដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្ម វារីវប្បកម្មកម្ពុជាទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញឲ្យមាននិរន្តរភាព។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា តួនាទី ភារកិច្ច និងសមិទ្ធផល ដែលសមាគមសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនបរិមាណផល ចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយ ចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។
សំខាន់ជាងនេះទៅទៀត គឺស្របពេល និងទាន់សភាពការណ៍អនុវត្តជាក់ស្តែងតាមប្រសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដាថា វារីវប្បករគួរចងក្រងសមាគមដើម្បីបង្កើត ឬរួមសាមគ្គីគ្នាជាកំលាំងសម្រាប់ធ្វើការតវ៉ាពីតម្លៃ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត និងហិរញ្ញវត្ថុការប្រាក់ទាប។
ភ្ជាប់ទៅនឹងពិធីនាពេលនេះ លោករដ្ឋមន្ត្រី វេង សាខុន បានរំលឹកជូនអង្គពិធីជ្រាបថា គិតមកទល់ពេលនេះ រដ្ឋបាលជលផល ជួយសម្របសម្រួលបង្កើត សហគមន៍នេសាទបានចំនួន៥១៦ (ទឹកសាប ៤៧៥ និងសមុទ្រ ៤១)។ បង្កើតកន្លែងអភិរក្សជលផលសរុបចំនួន ៦៧៧ បង្កើតស្រះជម្រកត្រីសហគមន៍ចំនួន ៨៩៥ បង្កើតកន្លែងបង្កាត់ភ្ញាស់ត្រីបានចំនួន ៣០៩ ក្នុងនោះ ២៦៩កន្លែងជារបស់កសិករ។
លោករដ្ឋមន្ដ្រី វេង សាខុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានវារីវប្បករសរុបចំនួន ៤៦,០០០ ក្នុងនោះគ្រួសារដែលធ្វើវារីវប្ប កម្មក្នុងស្រះសរុបចំនួន ៤១ ៩៣៩ និងគ្រួសារធ្វើវារីវប្បកម្មក្នុងបែមានចំនួន ៤ ០៦១។
បណ្តុំវារីវប្បកម្មទាំងអស់នេះ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ច្បាស់ថា ដោយសារកំណើននៃសេចក្តីត្រូវការផលចាប់ត្រីទាំងទឹកសាប និងសមុទ្រ ចាំបាច់ទាមទារ ឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគមវារីវប្បករបង្កើនសមត្ថភាពចិញ្ចឹម បង្កាត់ពូជ ផលិតចំណី ថែរក្សា ការពារ និងអភិរក្ស ដើម្បីលើកម្ពស់ខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ។
ឆ្លើយតបតាមការចាំបាច់នេះ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យសមាគមត្រូវបន្តជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រស្របតាម «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០»៖
* លើកកម្ពស់ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ទៅជាលក្ខណៈពាណិជ្ជកម្ម
* ត្រូវបង្កើនចំនួនមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីដើម្បីធានាការផ្គត់ផ្គង់ពូជត្រី និងផ្សព្វផ្សាយបច្ចេកវិទ្យាសមស្របដល់វារីវប្បករ ឲ្យបានទូលំទូលាយ។ * ត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទ ដែលបានបង្កើតរួច ឲ្យក្លាយជាសហគមន៍នេសាទគ្មានបទល្មើស ព្រមទាំងត្រូវពង្រឹងការ គ្រប់គ្រង និងការពារកន្លែងអភិរក្សជលផលឲ្យមានប្រសិទ្ធភាពខ្ពស់។
* ត្រូវរួមគ្នាថែរក្សា ការពារព្រៃលិចទឹក និងព្រៃកោងកាងឲ្យបានគង់វង្ស។
* សមាគមវារីវប្បករត្រូវបន្តកិច្ចសហការ ជាមួយរដ្ឋបាលជលផល ក្នុងស្មារតីទទួលខុសត្រូវ។
សូមជម្រាបថា សមាគមវារីវប្បករនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល នៃក្រសួងមហាផ្ទៃអនុម័ត និងទទួលស្គាល់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
សមាគមវារីវប្បករនៅកម្ពុជា មានគោលបំណងអភិវឌ្ឍផលិតកម្ម ទីផ្សារវារីវប្បកម្ម និងផលិតផលដែលពាក់ព័ន្ធប្រកបដោយនិរន្តរភាព តាមរយៈការពង្រឹងបច្ចេកវិទ្យា បង្កើនសម្លេងព័ត៌មានទីផ្សារ និង សេវាកម្មពាក់ព័ន្ធដល់សមាជិកសមាគមប្រកបដោយតម្លាភាព សមធម៌ និង ក្រមសីលធម៌។
សមាគមវារីវប្បករនៅកម្ពុជា ត្រូវបានគាំទ្រដោយគម្រោងអភិវឌ្ឍវារីវប្បកម្មសម្រាប់ និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) ដែលបានឧបត្ថម្ភថវិកា ដោយក្រសួងកសិកម្មអាមេរិក ដើម្បីជំរុញផលិតកម្មត្រីទឹកសាប និងអភិវឌ្ឍវិស័យវារីវប្បកម្ម សម្រាប់តម្រូវការទីផ្សារ និង វិស័យវារីវប្បកម្មឲ្យយូរអង្វែង។
គម្រោងខាស់មានដៃគូអភិវឌ្ឍន៍ និង អង្គការមួយចំនូនដូចជា សមាគមសណ្តែកសៀងអាមេរិក អង្គការទស្សនៈពិភពលោកកម្ពុជា ស៊ីសេន សាកលវិទ្យាល័យកានសាស់ សាកលវិទ្យាល័យអ័រប៊ន និង ដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។
សមាគមវារីវប្បករនៅកម្ពុជា នឹងសហការជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអង្គការជាតិ និងអន្តរជាតិ អ្នកវិនិយោគក្នុង និងក្រៅស្រុក ដែលមានបំណងជួយ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
សមាគមនឹងបើកឱកាសដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរស់នៅក្នុងនិងក្រៅប្រទេស ឬ ជនបរទេសដែលមានអាយុលើសពី១៨ឆ្នាំ ធ្វើការនៅក្នុងវិស័យវារីវប្បកម្ម នឹងអាចក្លាយជាសមាជិកសមាគម៕