-អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កើនឡើង១៦៥៧៥នាក់រហូតមកដល់ពេលនេះ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦នេះ នៅសាលប្រជុំក្រសួងមហាផ្ទៃ មានបើកសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យ គ្រឿងញៀនឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គស្នងការនគរបាលជាតិថ្នាក់ដឹកនាំ ក្រសួងក្រមហាផ្ទៃ តំណាងក្រសួងស្ថាប័ន មន្ទីរ ជាសមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី ខេត្តទាំង២៥ និងអង្គការដៃ គូសរុប៥៦៥រូប។ ក្នុងឱកាសនោះលោក ឧបនាយករដ្ឋមន្ត្រីបានស្នើអង្គសន្និបាត ទាំងមូលពិនិត្យពិចារណាលើការងារសំខាន់ៗមួយ ចំនួនរួមមាន៖ ទី១.ការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់ការប៉ុនប៉ងដាំដុះ ផលិត និងចរាចរគ្រឿងញៀនគ្រប់ប្រភេទ ទី២.ការងារ ផ្សព្វផ្សាយអប់រំ ទី៣.ការងារកាត់បន្ថយគ្រោះថ្នាក់ ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងទី៤.ការងារ ពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន ទី៥.ការងារប្រមូលទិន្នន័យ តាមដាន និងវាយតំលៃ។
ជាមួយនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើផងដែរ ឲ្យសមាជិកសមាជិកា នៃអង្គសន្និបាតទាំងមូលពិភាក្សាឲ្យបាន ផុលផុសលើ ប្រធានបទដែលបានលើកឡើងខាងលើ ដើម្បីដាក់ចេញនៅទិសដៅអនុវត្តន៍លើការងារត្រួតពិនិត្យគ្រឿងញៀន សម្រាប់ឆ្នាំ២០១៦ឲ្យមានប្រសិទ្ធភាពខ្ពស់។ យោងតាម របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា រហូតមកដល់ពេលនេះ អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កើនឡើង១៦៥៧៥នាក់៕