(ភ្នំពេញ)៖ ឧស្សាហកម្មកាត់ដេរ បានក្លាយជាវិស័យឈានមុខមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យពួកគេរើខ្លួនចេញពីភាពក្រីក្រផងដែរ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងមួយខែៗ វិស័យនេះ បានផ្តល់ប្រាក់ខែប្រមាណ ១.២០លានដុល្លារអាមេរិក។
អ្នកស្រី សំ រ៉ាវី ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ មានកូនបួននាក់ ដែលកំពុងរស់នៅក្នុងបន្ទុក។ ក្នុងនោះ កូនពីរនាក់ គឺ លីនដា និង វរល័ក្ខ បានចូលធ្វើការនៅរោងចក្រកាត់ដេរមួយក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅចម្ងាយប្រមាណជា ១៥គីឡូម៉ែត្រពីផ្ទះ។
អ្នកស្រី សំ រ៉ាវី បាននិយាយថា «យើងគ្មានលទ្ធភាពអីធ្វើការធំដុំនឹងគេទេ។ បានកូនចូលធ្វើការរោងចក្រប៉ុណ្ណឹង ជាមោទនភាពសម្រាប់កូនដែរ។ ចង់មើលកូនខំប្រឹងធ្វើការ ហើយខ្ញុំចេះតែណែនាំកូនឲ្យឧស្សាហ៍ព្យាយាម។ ជីវភាពយើងខ្វះខាតអ៊ីចឹង យើងត្រូវតែប្រឹង ហើយខ្ញុំណែនាំកូនកុំឲ្យខ្ជិលកុំច្រអូស»។
ជារៀងរាល់ព្រឹកវេលាម៉ោងប្រមាណ ៦ព្រឹក លីនដា និង វរល័ក្ខ ត្រូវចាកចេញទៅធ្វើការ ដោយមានកញ្ចប់អាហារពេលព្រឹកដាក់តាមខ្លួនផង ហើយទាំងពីរនាក់បងប្អូន គឺធ្វើការនៅរោងចក្រជាមួយគ្នា។ លីនដា បាននិយាយថា «ខ្ញុំគិតថា ការងាររោងចក្រ គឺល្អ ព្រោះដូចខ្ញុំអ៊ីចឹង ខ្ញុំអត់បានរៀនខ្ពង់ខ្ពស់ដូចគេទេ។ តែដោយសាររោងចក្រហ្នឹងបានជាខ្ញុំមានជីវភាពដូចរាល់ថ្ងៃហ្នឹង»។
កញ្ញា លីនដា ត្រូវបានដំឡើងតួនាទីជាប្រធានក្រុមកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែក៏ត្រូវជួយដេរម្ដងម្កាលដែរ។ ចំណែកឯ វរល័ក្ខ ជាប្អូនស្រី គឺជាកូនក្រុមរបស់លីនដា។ ជារៀងរាល់ថ្ងៃធ្វើការទាំងពីរនាក់បងប្អូនមិនចាំបាច់ទិញ ឬខ្ចប់បាយថ្ងៃត្រង់មកតាមខ្លួនឡើយ ពីព្រោះរោងចក្រ មានផ្ដល់ជាអាហារថ្ងៃត្រង់ដល់កម្មករទាំងអស់ គឺជាង ៦.០០០នាក់ នៅរោងចក្រដែលពួកគេកំពុងធ្វើការ ។
ទាំងពីរនាក់បងប្អូនបានធ្វើការនៅរោងចក្រនោះប្រមាណជា ៨ឆ្នាំមកហើយ ហើយប្រាក់ខែ ដែលទទួលបានត្រូវបានយកទៅប្រើប្រាស់ដើម្បីផ្គត់ផ្គង់ការចំណាយរបស់ឪពុកម្ដាយ ក៏ដូចជាការសិក្សារបស់ប្អូនៗ។ សព្វថ្ងៃ ពួកគេក៏កំពុងជួយប្អូនស្រីម្នាក់ ដែលកំពុងតែសិក្សានៅវិទ្យាល័យជិតផ្ទះ និងប្អូនប្រុស ដែលកំពុងតែសិក្សានៅឯសកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញថែមទៀតផង។
លើសពីនេះទៅទៀត កាលពីឆ្នាំ២០១៣ ទាំងពីរនាក់បងប្អូន ក៏បានជួយបំពេញបំណងឪពុកម្ដាយទិញដីមួយឡូតិ៍ ដែលពួកគាត់ចង់បាន តាមរយៈប្រាក់កម្ចីពីធនាគារ។ លីនដា បាននិយាយថា «នេះជាកាតព្វកិច្ចរបស់ខ្ញុំ ព្រោះពេលដែលខ្ញុំជួយឪពុកម្ដាយខ្ញុំ បងប្អូនខ្ញុំ គឺខ្ញុំមានចិត្តសប្បាយ ទោះបីថា រាល់ថ្ងៃខ្ញុំអត់សល់លុយកាក់ច្រើនមែន តែខ្ញុំមានចិត្តសប្បាយ រីករាយដែរ ព្រោះ ខ្ញុំបានឲ្យប្អូនខ្ញុំរៀនសូត្រ ខ្ញុំបានផ្គត់ផ្គង់គ្រួសារខ្ញុំ»។
ចំណែកឯ វរល័ក្ខ វិញ បាននិយាយថា «ពេលបានជួយពួកគាត់បែបនេះ ពួកគាត់និយាយល្អៗជាមួយយើង គាត់សប្បាយចិត្ត ដែលយើងបានជួយគាត់ ។ ហើយប្អូនៗ ខ្ញុំ គោរពខ្ញុំ គាត់ស្ដាប់បង្គាប់ពួកខ្ញុំ»។
បើទោះបីសព្វថ្ងៃ វរល័ក្ខ កំពុងធ្វើជាកម្មការិនី ទទួលបានប្រាក់ខែសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ តែកញ្ញា នៅតែចង់មានអាជីវកម្មួយផ្ទាល់ខ្លួនទៅថ្ងៃអនាគត។ តែ លីនដា វិញ គឺមានបំណងចង់បានតួនាទីកាន់តែខ្ពស់ក្នុងរោងចក្រ ដែលកញ្ញាកំពុងធ្វើការ។
លីនដា បាននិយាយបន្ថែមទៀតថា «បើសិនជាមានឱកាស ខ្ញុំនឹងចូលរៀនវគ្គបណ្ដុះបណ្ដាលដូចគេ ដើម្បីលូតលាស់បានថ្កុំថ្កើងជាងមុន»។
អ្នកនាង ស៊ឹម ណៃគី ក៏ជាកម្មកររោងចក្រកាត់ដេរដូច វរល័ក្ខ និង លីនដា ផងដែរ។ ប្តីរបស់គាត់ធ្វើការនៅក្រុមហ៊ុនអគ្គិសនី ហើយទទួលបានប្រាក់ចំណូលជាង ២០០ដុល្លារ គឺទាបជាងណៃគីបន្តិចបន្តួច។ ទាំងពីរនាក់ មានកូនស្រីម្នាក់ និងម្ដាយជាស្ត្រីមេមាយម្នាក់រស់នៅជាមួយ។ ណៃគី ធ្វើការរោងចក្រប្រហែលជា ៩ឆ្នាំមកហើយ។ បន្ទាប់ពីបានរៀបការរយៈពេលប្រមាណ ៦ឆ្នាំ ទាំងពីរនាក់ បានក្រឡេកវិលថយក្រោយ ហើយបានសង្កេតឃើញជីវភាពប្រសើរជាងមុន។ លើសពីនេះ ប្ដីរបស់ ណៃគី ថែមទាំងបានអរគុណប្រពន្ធ ដែលបានជួយរួមចំណែកច្រើនដល់គ្រួសារ។
ប្ដីរបស់គាត់បាននិយាយថា «គាត់មានប្រាក់ខែច្រើនជាងខ្ញុំ។ ...គាត់ជួយសម្រាលបានច្រើន និយាយរួម គាត់ចំណាយលើថ្លៃទឹកថ្លៃភ្លើង ថ្លៃម្ហូប។ គាត់ចំណាយបែបហ្នឹង។ បើខ្ញុំរកមក ខ្ញុំចំណាយលើកូនវិញ ជួយទប់ថ្លៃកូនទៅរៀន»។
ណៃគី បាននិយាយថា «ការងារខ្ញុំសព្វថ្ងៃហ្នឹងជួយលើកស្ទួយជីវភាពខ្ញុំឲ្យវារៀងរុងរឿងបន្តិចដែរ មិនដុនដាបដូចមុន»។ ណៃគី បាននិយាយថា គាត់ស្រលាញ់ការងារ ហើយក៏មិនមានភាពទោមនស្សអ្វីចំពោះកន្លែងធ្វើការនោះដែរ ។ «ខ្ញុំអត់មានស្អប់ខ្ពើមការងារកាត់ដេរទេ គឺចង់និយាយថាខ្ញុំអត់មានជំនាញធ្វើអ្វីផ្សេងៗទេ ខ្ញុំមានតែជំនាញខាងផ្នែកកាត់ដេរនឹង គឺខ្ញុំអត់ស្អប់ខ្ពើមផ្នែកកាត់ដេរនឹងទេ ព្រោះអីនៅនេះដូចថាយើងរៀនអត់បានជ្រៅជ្រះ យើងមានតែការងារនឹងហើយ ការងារនឹងសម្រាប់ខ្ញុំគឺល្អហើយ»។
បច្ចុប្បន្ន ឧស្សាហកម្មកាត់ដេរ ជាវិស័យធំជាងគេបំផុតរបស់កម្ពុជា ដែលផ្ដល់ការងារធ្វើដល់មនុស្សប្រមាណជា ៧០ម៉ឺននាក់ភាគច្រើនជាស្ត្រី ហើយអ្នកទាំងនោះ គឺរស់នៅទីជនបទ។
វិស័យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ដល់ការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើននាក់ មិនថាជួយដោយផ្ទាល់ ឬដោយប្រយោលនោះទេ។ ក្នុងមួយខែៗ វិស័យកាត់ដេរ បានផ្ដល់ប្រាក់ខែសរុបប្រមាណជា ១,២០០លានដុល្លារ ។ ជាមួយនឹងប្រាក់ខែដែលមានភាពស្ថិតស្ថេរ បានជួយឲ្យកម្មករកាត់ដេរ ដូចជា វ័រល័ក្ខ និង លីនដា ជួយដល់ក្រុមគ្រួសារ និងកសាងផែនការទៅថ្ងៃអនាគត៕