(បាត់ដំបង)៖ រូបភាពវិដេអូដែលមានរយៈពេលជាង១នាទី បានបង្ហាញពីភាពដ៏សាហាវ ដោយបើករថយន្ត Lexus 470 ពណ៌ទឹកស្ករ បុករះនៅទីប្រជុំជនផ្សារកំរៀង ខេត្តបាត់ដំបង នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ទង្វើ និងសកម្មភាពបើកបុករះនេះ កើតឡើងនៅស្រុកកំរៀង, ខេត្តបាត់ដំបង ដោយរថយន្តពាក់ស្លាកលេខ៖ ភ្នំពេញ 2A-1771 បើកបរដោយឈ្មោះ សៀក ចាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីគយ ប្រចាំច្រកទ្វាតំបន់គីឡូ១៣ (ហៅភ្នំដី) ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានបើករថយន្តក្នុងស្ថានភាពស្រវឹង ចេញពីផ្សារតាវ៉ាន់ នៅចំណុចខាងលើហើយក៏ជ្រុល ទៅបុករបងកាស៊ីណូមួយកន្លែងបណ្តាលឲ្យបាក់របងប្រវែង ២ម៉ែត្រ ហើយបានថយក្រោយមកវិញ ក្នុងល្បឿនលឿនក៏បានបុករះទៅលើម៉ូតូ៣គ្រឿង និងរថយន្ត២គ្រឿងទៀត។

បន្ទាប់មករថយន្តនោះក៏បានបើកទៅមុខវិញ ក៏បានបុករបងកាស៊ីណូបណ្តាលឲ្យធ្លាយបាក់មួយកន្លែងទៀត អស់ប្រវែង២ម៉ែត្រ ក៏ជាប់គាំងជាមួយរថយន្តដែលចតចោលនៅក្បែរទីនោះ។ ភ្លាមៗនោះអ្នកបើកបរថយន្ត បង្កគ្រោះថ្នាក់ចរាចរខាងលើក៏បានបើកទ្វារ រត់គេចខ្លួនបាត់ស្រមោលទាំងយប់។

ចំណែករថយន្ត និងម៉ូតូដែលបានរងនៅការខូចខាតមាន រថយន្តលុចស៊ីសមួយគ្រឿង រថយន្តម៉ាកតូយូតាកាមារីសេរី៩៣មួយគ្រឿង ពណ៌សរ រថយន្តម៉ាកតូយ៉ូតាកាមារី សេរី៩៣ ហើយម៉តូហុងដា១២៥ ពណ៌ខ្មៅ​០២គ្រឿង និងហុងដាគុប០១គ្រឿង។ ទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច នគបាលចរាចស្រុកកំរៀង យកមករក្សាទុកនៅអធិការដ្ឋានស្រុករង់ចាំម្ចាស់រថយន្ត ឈ្មោះ សៀក ចាន់ ជាមន្ត្រីគយច្រកទ្វាគីឡូ១៣ ចូលខ្លួនមកធ្វើការដោះស្រាយតាមច្បាប់៕

មន្រ្តីគយស្រវឹងធ្លាក់ភ្នែកបើកឡាន Lexus 470 ដ៏សាហាវ បុករះនៅទីប្រជុំជនផ្សារកំរៀង ខេត្តបាត់ដំបង

Posted by Fresh News on Sunday, January 31, 2016