(កណ្តាល)៖ ករណីប្រជាពលរដ្ឋមួយគ្រួសារ ដែលរកស៊ីលក់ឥវ៉ាន់ចាប់ហួយ ដែលត្រូវ បានក្រុមចោរ ប្រដាប់ដោយកាំភ្លើងវែងខ្លី២ដើម ធ្វើសកម្មភាពភ្ជង់គំរាមប្លន់ យក ទ្រព្យសម្បត្តិ នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចប្រាប់ថា ក្រុមចោរយក អស់ជាង១ម៉ឺនដុល្លារ មុនពេលរត់គេចខ្លួនអស់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ជាស្រ្តីមានគ្នា២នាក់ ទី១ឈ្មោះ តេង រ៉ាន់ អាយុ២៥ឆ្នាំ ទី២ឈ្មោះ ព្រីង ស៊ឹម អាយុ៤៥ឆ្នាំ អ្នកទាំងពីររស់នៅ ក្នុងផ្ទះកើតហេតុ​ជាមួយគ្នាពុំមានរងរបួសនោះទេ។

ចំណែក ជនសង្ស័យមានគ្នា៣នាក់ ពុំត្រូវស្គាល់អត្តសញ្ញាណនោះទេ ប្រដាប់ដោយ អាវុធវែង១ដើមខ្លី១ដើម ធ្វើដំណើរដោយថ្មើរជើង។ សមត្ថកិច្ចបានបន្តទៀតថា នៅមុនកើតហេតុ ជនរងគ្រោះកំពុង​អង្គុយលេងនៅ​ក្នុងផ្ទះ ពេលនោះស្រាប់តែ ជនសង្ស័យទាំង៣នាក់ បានសម្រុកចូលទៅ ភ្ជង់ដោយស្រែកគំរាមបាញ់សម្លាប់ចោល។

ដោយសារភ័យខ្លាំងពេកជនរងគ្រោះ បានឲ្យក្រុមចោរប្រមូល ទ្រព្យសម្បត្តិមួយចំនួន រួចរត់គេចខ្លួនទៅទិសខាងត្បូង សំដៅទៅភ្នំបាសិទ្ធិបាត់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានចុះទៅដល់ភ្លាមៗ ដើម្បីជួយ អន្តរាគមន៍ ប៉ុន្តែក្រុមចោរបានគេចខ្លួនបាត់ទៅ។ ម្ចាស់ផ្ទះបានអះអាងថា ក្រុមចោរ យកអស់លុយដុល្លារ១១០០ដុល្លារ លុយរៀល២០ម៉ឺនរៀល ចិញ្ជៀនពេជ្ររបស់ប្ដី១វង់៣០០០ដុល្លារ ចិញ្ជៀន ពេជ្ររបស់ប្រពន្ធ២វង់ ៣០០០ដុល្លារ ចិញ្ជៀនពេជ្ររបស់កូន១វង់២០០០ដុល្លារ និងខ្សែក៤ខ្សែ ខ្សែដៃ៤ខ្សែ និងសម្ភារៈមួយចំនួនទៀត៕