(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានសហការជាមួយកាកបាទក្រហមកម្ពុជា ចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១៥០គ្រួសារ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្នុងពិធីចែកអំណោយនេះ ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត បានចូលរួមចំណែកផ្តល់ជួនក្នុងមួយគ្រួសារ ថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ស្ករស ប្រេងឆា ទឹកដោះគោ និងនំ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធី បានថ្លែងថា «ខ្ញុំសង្ឃឹមថា ការរួមចំណែករបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី អាចជួយរំលែកការលំបាករបស់បងប្អូន ជាបណ្តោះអាសន្នបានមួយកម្រិត»។
លោកឧកញ៉ាបានបន្តថា «នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតបានចូលរួមចំណែកជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការជួយប្រជាពលរដ្ឋទីទាល់ក្រ និងជនរងគ្រោះពីគ្រោះធម្មជាតិនានាក្នុងប្រទេស ហើយក្រុមហ៊ុននឹងនៅតែបន្តវប្បធម៌ដ៏ល្អប្រពៃនេះជារៀងរហូត»។
ចាប់តាំងពីក្រុមហ៊ុនបើកដំណើរការក្នុងឆ្នាំ២០១១ ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត តែងតែរួមចំណែកយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា និងក្នុងសកម្មភាពសប្បុរសធម៌នានា ដោយបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សមាគមនានា ជួយដល់ជនរងគ្រោះដោយទឹកជំនន់ និងអគ្គីភ័យ ព្រមទាំងផ្តល់អាហារូបណ៍យ៉ាងច្រើនដល់និស្សិតក្រីក្រជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុនក៏រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ លើវិស័យជាច្រើនទៀតដូចជា វិស័យព្រះពុទ្ធសាសនា អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ។ល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែកនាំចូល និងចែកចាយសម្ភារៈសំណង់ និងគ្រឿងឧបភោគ បរិភោគ។ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ផលិតស្រាបៀរកម្ពុជា ដែលមានគុណភាពខ្ពស់ និងទទួលបានមេដាយអន្តរជាតិជាច្រើនសន្ធឹកសន្ធាប់។ រោងចក្រផលិតស្រាបៀរកម្ពុជាក៏ទទួលបានវិញ្ញាបនបត្រ ISO ផ្នែកគ្រប់គ្រងគុណភាព និងគ្រប់គ្រងបរិស្ថានផងដែរ៕