(ពោធិ៍សាត់)៖ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និង លោក ម៉ៅ ធនិន អភិបាលខេត្ត បានក្រើនរំលឹកទៅដល់យុវជននៅក្នុងខេត្តពោធិ៍សាត់ទាំងអស់ ត្រូវធ្វើខ្លួនជាមនុស្សល្អ ចេះជួយទុក្ខធុរៈមនុស្សនៅក្នុងសង្គម ធ្វើយ៉ាងណាឲ្យស័ក្តិសមជាយុវជនបន្តវេណនៅក្នុងសង្គមជាតិ។
ការថ្លែងក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាស ដែលរូបលោកចូលរួមប្រកាសសុពលភាព សមាសភាពថ្នាក់ដឹកនាំក្រុមការងារយុវជនក្រុងពោធិ៍សាត់ ចំនួន ២២៤នាក់ ក្នុងនោះថ្នាក់ក្រុង ០៥នាក់ ថ្នាក់សង្កាត់ ២១នាក់ និង ថ្នាក់ភូមិ ១៩៨នាក់ នាល្ងាចថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក កែវ រតនៈ ប្រតិ ភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គីសនីកម្ពុជា និង ជាប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសិនីកម្ពុជាផងដែរ។
លោក ម៉ៅ ធនិន បានថ្លែងថា យុវជនគប្បីខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមសហការរវាងមនុស្សចាស់ និង យុវជនជំនាន់ក្រោយ អនុវត្តន៍តាមកម្មវិធីនយោបាយរបស់បក្សប្រជាជន ឈានទៅដណ្តើមយកជោគជ័យក្នុងពេលខាងមុខ ដើម្បីបន្តកាន់ជើងធូប របស់គណបក្សប្រជាជនកម្ពុជា។
លោក បានរំលឹកពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ទាក់ទងថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ថា ជាថ្ងៃដែលបានរំដោះប្រជាពលរដ្ឋ កម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ពីការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេល ៣៧ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក ខូយ សុខា បានបញ្ជាក់ថា បានក្រើនរំលឹកដល់យុវជនជំនាន់ក្រោយ ត្រូវចេះរៀបចំខ្លួនឲ្យបានស្អាតស្អំ ធ្វើយ៉ាងណាឲ្យដូចយុវជនសម័យមុន ដែលមកដល់ពេលនេះ មួយចំនួនត្រូវបានចូលនិវត្តន៍ជាបន្តបន្ទាប់ តែទោះជាយ៉ាងណា យុវជនជំនាន់មុន បានបង្ហាញចំណេះដឹង បទពិសោធន៍ ដែលមានទាំងប៉ុន្មាន ផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយ ហើយអ្នកជំនាន់ក្រោយ ត្រូវតែខិតខំរៀនសូត្រនូវបទពិសោធន៍ពីអ្នកជំនាន់មុន នេះគឺជាគុណធម៌ នៃប្រជាជាតិខ្មែរយើង។ យុវជនជំនាន់ក្រោយត្រូវយកបទពិសោធន៍ទាំងអស់នោះ ដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិ និង ប្រជាជនយើងទាំងមូល ។
ក្រោយពិធីសំណេះសំណាល ក៏មានការរៀបចំពិសាបាយសាមគ្គី និង រាំលេងកម្សាន្ត រហូតដល់ម៉ោង ៨យប់៕