(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តាមរយៈ Facebook Page របស់សម្តេចបានសរសេរសារមួយ និងបន្តបង្ហោះជាមួយរូបភាពជាច្រើនសន្លឹក ស្តីសកម្មភាពដែលសម្តេច អញ្ជើញទៅពិនិត្យសួនច្បារ និងហាត់ប្រាណជាមួយបងប្អូនប្រជាពលរដ្ឋ, ថតរូបជាមួយប្រជាពលរដ្ឋ និងបានសាកនំបញ្ចុក និង ផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយ ក្តីស្រឡាញ់នៅថ្ងៃម្សិលមិញ។ ក្នុងនោះដែរ សម្តេចក៏បានសុំទោសដល់បងប្អូនមួយចំនួន ដែលចង់ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។
ក្នុងសារនាព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បានក៏បញ្ជាក់ការតស៊ូរបស់សម្តេច ដើម្បីរំដោះជាតិមាតុភូមិចេញពីរបប ប៉ុល ពត និងដឹកនាំកម្ពុជា រកសុខសន្តិភាព ពិសេសនយោបាយឈ្នះៗ បានធ្វើកម្ពុជា មានសន្តិភាពទាំងស្រុង។ សម្តេចបានបញ្ជាក់ថា៖ «បំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាពនិងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «បន្តពីម្សិលមិញដែលខ្ញុំបានធ្វើដំណើរពិនិត្យការរៀបចំសួនច្បារ ទីកន្លែងហាត់ប្រាណ កន្លែងដើរកំសាន្តរបស់ប្រជាជន។ ទោះជាជីវិតខ្ញុំពោពេញដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែខ្ញុំពិតជាមានមោទនភាពដែលបាន ចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសំរាប់ការ អភិវឌ្ឍប្រទេសនិយាយរួម និងរាជធានីភ្នំពេញនិយាយដោយឡែក»។
«សុំអរគុណបងប្អូនជនរួមជាតិ ដែលផ្តល់នូវការគាំទ្រ និងស្រឡាញ់រាប់អាន។ យើងថតរូបជាមួយគ្នាយ៉ាងសប្បាយ។ ខ្ញុំបានសាកនំបញ្ចុក និង ផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយក្តីស្រឡាញ់ ។ ខ្ញុំក៏សុំទោសបងប្អូនមួយចំនួន ដែលចង់ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។ បំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាពនិងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក។ ខ្ញុំសង្ឃឹមថា ជនរួមជាតិនឹងបន្តរួមដំណើរជាមួយខ្ញុំដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត»៕