(ភ្នំពេញ)៖ ទេយ្យទានក៏ដូចជាទេយ្យវត្ថុជាច្រើន និងគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនធំ ត្រូវបានព្រះចៅអធិការវត្តមណិរតនារាម ហៅវត្តទួលទំពូង ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ព្រមទាំងសង្កាត់ទាំង៥ នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងសង្កាត់ទំនប់ទឹក ក្នុងខណ្ឌបឹងកេងកង ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តសកម្មភាពមនុស្សធម៌ចែកជូនដល់ពលរដ្ឋក្រីក្រ ទុរគតជន និងគ្រោះមហន្តរាយផ្សេងៗ។
ពិធីប្រគល់ទេយ្យទានជូនដល់ អនុសាខាកាកបាទក្រហមខណ្ឌចំការមន ធ្វើឡើងក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រមកម្ពុជាខណ្ឌ និងអភិបាលរងខណ្ឌ ចៅសង្កាត់ រួមទាំងសមាជិកសមាជិការចម្រុះជាច្រើនរូបទៀតផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមប្រចាំខណ្ឌ បានឲ្យដឹងថា ទេយ្យទាន ទេយ្យវត្ថុ ដែលប្រគល់ជូនដល់រដ្ឋបាលខណ្ឌ និងអនុសាខាកាកាទក្រហមខណ្ឌ នៅពេលនេះរួមមាន៖
* អង្ករ ចំនួន ២,៨០០គីឡូក្រាម
* មី ចំនួន ១៥០កេស
* ទឹកក្រូច ៣៥កេស
* ទឹកត្រី ចំនួន ១៥យួរ
* ទឹកស៊ីអ៉ីវ ចំនួន ៣៥យួរ
* ទឹកដោះគោ ចំនួន ៦៥០កំប៉ុង
* ត្រីខ ចំនួន ៣៥យួរ
* បន្លុង ចំនួន ០៧សម្រាប់
* ស្ករស ៥០០គីឡូក្រាម
* តែ ចំនួន ៥០០កញ្ចប់
* ថវិកា ចំនួន ១៤,០០០,០០០រៀល។
ដោយឡែកសម្ភារដែលរដ្ឋបាលសង្កាត់ទាំង៦ ទទួលបាន ក្នុង០១សង្កាត់ រួមមាន៖
* អង្ករ ចំនួន ៧បាវ
* មី ចំនួន ១៥កេស
* ទឹកក្រូច ៥កេស
* ទឹកត្រី ចំនួន ២យួរ
* ទឹកស៊ីអ៉ីវ ចំនួន ២យួរ
* ទឹកដោះគោ ចំនួន ១០០កំប៉ុង
* ត្រីខ ចំនួន ៥យួរ
* បន្លុង ចំនួន ០១សម្រាប់
* ស្ករស ៧០គីឡូក្រាម
* តែ ចំនួន ១០០កញ្ចប់
* ថវិកា ចំនួន ២,០០០,០០០រៀល។
លោក ថេង សុថុល បានសម្តែងនូវអារម្មណ៍រីករាយសោមនស្សរីករាយយ៉ាងក្រៃលែងបំផុតនូវទឹកព្រះទ័យករុណាទិគុណរបស់ ព្រះចៅអធិការវត្តទួលទំពូង ដែលបានមានសន្ធារជ្រះថ្លាបានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុ ដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់កាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់អាជ្ញាធរខណ្ឌទាំងមូល។ ការប្រគល់ទេយ្យទាននៅពេលនេះមិនមែនជាលើកទី១ទេ សម្រាប់វត្តទួលទំពូង ដែលបានប្រគល់ជូនខណ្ឌចំការមន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ហើយលោកសន្យាថា នឹងនាំអំណោយទាំងនេះ ចែកជូនដល់ពលរដ្ឋក្រីក្រពិតប្រាកដ ដោយផ្ទាល់តែម្តង ។
ព្រះវិន័យវង្សា ស៊ាន ប៊ុនណាត ព្រះរាជាគណៈកិត្តយស និងជាព្រះចៅអធិការវត្តទួលទំពូង បានមានថេរដីកាឲ្យដឹងថា ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាកុសលផលបុណ្យរបស់ញាតិញោមពុទ្ធិបរស័ទជិតឆ្ងាយ ដែលបានយកមកវេរប្រគេនដល់គណៈសង្ឃក្នុងវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដើម្បីឧទ្ធិលកុសលផលបុណ្យជូនដល់ញាតិការទាំង ៧សណ្តានរបស់ពួកគេ ដែលបានចែកកាយរំលាយឋានទៅកាន់បរលោកនៅជាតិខាងមុន។ ដូច្នេះហើយ កុសលផលបុណ្យទាំងនេះ ក្នុងនាមជាព្រះសង្ឃដែលគោរពនូវព្រះពុទ្ធសាសនា ក៏សុំធ្វើការវេរប្រគល់បន្តទៅអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ដើម្បីទៅប្រើប្រាស់បន្តក្នុងផលល្អ ពិសេសសកម្មភាពមនុស្សធម៌ ក្នុងការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបការខ្វះខាតលំបាកតែម្តង៕