(កំពង់ចាម)៖ ឃាតកនៅលើដងផ្លូវ បានប្រល័យជីវិតប្រជាពលរដ្ឋ២នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាមនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ ដែល បណ្តាល មកពីរថយន្តបុកទាំង២ករណី ប៉ុន្តែអ្នកបើករថយន្តបង្ក បានបន្ថែមល្ពឿន បើកគេច ទៅបាត់បន្សល់សពជនរងគ្រោះ នៅកន្លែងកើតហេតុ។
មន្រ្តីនគរបាល ស្រុកបាធាយ បានឲ្យដឹងថា ករណីទី១បានកើតឡើងនៅវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៦ ខាងត្បូងសាលាស្រុកបាធាយ ចំងាយ១០០០ម៉ែត្រ ភូមិបាធាយ ឃុំបាធាយ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្ត និងម៉ូតូ ដោយរថយន្ត ១គ្រឿងម៉ាកហ្វ៊ុយហ្សូពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A.8065 ដែលធ្វើដំណើរ មកពីទិសត្បូង ហើយបានទៅបុក ម៉ូតូ១គ្រឿងម៉ាកគុបមូល លេខគ្មានពណ៌ស្លែ បណ្តាលឲ្យអ្នកបើកឈ្មោះ ស៊ិន ឆុង អាយុ៣២ឆ្នាំ រស់នៅឃុំបាធាយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
ដោយឡែក ករណីទី២ បានកើតឡើង នៅវេលាម៉ោង៧យប់ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦ស្ថិតនៅ ចំណុចភូមិភ្នំដិល ឃុំតាំងក្រាំងៃ ស្រុកបាធាយ។ ករណីនេះកើតឡើង រវាងរថយន្ត និងអ្នកថ្មើរជើង ដោយរថយន្ត១គ្រឿង មិនស្គាល់ម៉ាកបើកពីកើតទៅលិច បានបុកក្មេងថ្មើរជើងម្នាក់ ឈ្មោះ សុខ ក្រិត ប្រុស អាយុ៦ឆ្នាំ រស់នៅភូមិតាំងគោក ឃុំតាំងក្រាំងបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុកម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ ដោយទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕