(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានជំរុញឱ្យកងកម្លាំងនគរបាលទូទាំងក្រុងតាខ្មៅ ត្រូវរួមសាមគ្គីគ្នា រួមគ្នាថែរក្សា សណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ដោយធ្វើយ៉ាងណាការពារឱ្យបាន មិនឱ្យមាន រូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាតក្នុងមូលដ្ឋាន ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលពលរដ្ឋមកសុំឱ្យជួយ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានលើកឡើងដូចនេះនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបាននាំយកអាវភ្លៀង ដែលឧបត្ថម្ភដោយ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន១៣០អាវ ,ម៉ូតូធំចំនួន៥គ្រឿង ឡានសារ៉ែនមួយគ្រឿង ព្រមទាំងថវិការមួយចំនួន ឧបត្ថម្ភដល់មន្ត្រីនគរបាលក្រុងតាខ្មៅ ចំនួន១៣០នាក់។
លោកឧត្តមសេនីយ៍ទោ ក៏បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន ដែលលោកតែងតែគិតគូរយល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ទាំងអស់ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានកោតសរសើរដល់កងម្លាំងនគរបាលក្រុងតាខ្មៅ ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការ កោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលក្រុងតាខ្មៅទាំងអស់ត្រូវដាក់ចិត្តដាក់កាយធ្វើការងា ឱ្យបានល្អ ឡើងៗ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានជំរុញឱ្យកងកម្លាំងទាំងអស់ត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ១៩ ដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់ និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច៕