(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព ឡើងជញ្ជាំងផ្ទះអ្នកលក់បាយលួចយកអស់លុយ១,៥០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន កាលពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១៥៥ ផ្លូវលំ ក្រុម២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លុះរំលងបាន៤ថ្ងៃ ថ្ងៃទី២០ ខែកញ្ញា បម្រុងធ្វើសកម្មភាពម្ដងទៀត ត្រូវម្ចាស់ផ្ទះប្រកួចជាប់ប្រគល់ឲ្យសមត្ថកិច្ច។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម វិបុល អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ក្បែរផ្ទះរបស់ជនរងគ្រោះ)។ ចំណែកជនរងគ្រោះឈ្មោះ ស្រាំង ប៊ុនធឿន អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១៥៥ ផ្លូវលំក្រោម ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារបាត់បង់រួមមាន លុយដុល្លារ ចំនួន១,៥០០ដុល្លារ, ខ្សែដៃមាស ចំនួន១តំឡឹង, បន្តោងខ្សែក ចំនួន៣ជី, ចិញ្ចៀនត្រាមាស ចំនួន៣ជី, មានទាំងអស់ក្រវិលផ្លាកទីន ចំនួន១គូ, ទូរទស្សន៍ ចំនួន១គ្រឿង, ម៉ាស៊ីនវាស់ឈាម ចំនួន១គ្រឿង និងម៉ាស៊ីនវាស់ចរន្តអគ្គិសនី ចំនួន១គ្រឿង។ វត្ថុតាងចាប់យករួមមាន ត្បូងតូចៗ ចំនួន៦គ្រាប់ (ពណ៌ទឹកប៊ិច ចំនួន៥គ្រាប់, ពណ៌ក្រហម ចំនួន១គ្រាប់) ជារបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿង ម៉ាកស្កុបពី (Honda Scoopy) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1CW-2135។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕