(ភ្នំពេញ)៖ នៅពេលដែលច្បាប់ លើវិស័យអចលនទ្រព្យមានការតឹងរឹង វានឹងធ្វើឲ្យអ្នករកស៊ីត្រឹមត្រូវស្របច្បាប់ គឺមានការរីកចម្រើនលើវិស័យនេះ តែចំពោះអ្នករកស៊ីមិនស្របច្បាប់ នឹងជួបបញ្ហាប្រឈមខ្លាំង។ នេះជាការលើកឡើង របស់បណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ក្នុងកិច្ចសម្ភាសភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ឱកាស និងការប្រឈមការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា»។
បណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា រួមមានការអភិវឌ្ឍន៍វិស័យពុះដីឡូតិ៍, ការអភិវឌ្ឍន៍វិស័យខុនដូ, ការអភិវឌ្ឍន៍វិស័យបូរី និងមួយទៀត អភិវឌ្ឍន៍ជាកន្លែងលំហែកំសាន្តជាដើម។ ការអភិវឌ្ឍន៍ មានឱកាស និងការប្រឈមដើរទន្ទឹមគ្នា ប្រសិនបើអ្នករកស៊ី ក្នុងវិស័យនេះចេះចាប់យក។
បណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ចំពោះវិស័យពុះដីឡូតិ៍ កាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ គឺមានឱកាសខ្លាំង ហើយបញ្ហាប្រឈមមានតិច តែនៅពេលបច្ចុប្បន្ននេះ វិស័យពុះដីឡូតិ៍ គឺមានបញ្ហាប្រឈមច្រើនជាងឱកាស។ មូលហេតុ ដោយសារ ក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដី បានកំណត់ចំពោះ អ្នកចង់រកស៊ីវិស័យពុះដីឡូតិ៍នេះ ត្រូវតែមានអាជ្ញាបណ្ណត្រឹមត្រូវ ដោយមិនអាចបើកលក់តាមចិត្តបានដូចពីមុននោះទេ។
បណ្ឌិត គីម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះហើយ ទើបជាបញ្ហាប្រឈមខ្លាំង ចំពោះអ្នករកស៊ី មិនស្របច្បាប់ក្នុងវិស័យនេះ តែចំពោះអ្នកដែលមានអាជ្ញាបណ្ណត្រឹមត្រូវស្របច្បាប់ គឺគេមានតែការរីកចម្រើន ទៅមុខបន្តទៀត»។
ជាមួយគ្នានោះ បណ្ឌិត គីម ហ៊ាង ក៏បានបញ្ជាក់ផងដែរថា ចំណែកការអភិវឌ្ឍន៍បុរី ក៏ដូចគ្នាដែរ កាលពីពេលមុនច្បាប់មិនទាន់តឹង ពន្ធមិនទាន់តឹង អ្នករកស៊ី អាចធ្វើគម្រោងផ្ទះតែ៥០ល្វែង ហើយដាក់ឈ្មោះថា បុរី និងដាក់លក់បាន កាលពី៥ឆ្នាំមុន ដោយមិនចាំបាច់សុំអាជ្ញាបណ្ណ។ ពេលនោះ អាចនិយាយបានថា វាជាឱកាសពេជ្រ ព្រោះថា គ្រាន់តែទិញដី រួចពុះឡូតិ៍ សង់ជាផ្ទះល្វែង គឺអាចចំណេញបានហើយ តែពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកសង់ផ្ទះលក់ ដូចជា បុរីឱកាសរបស់ពួកគាត់ គឺមានតិច និងមានតែបញ្ហាប្រឈមចំពោះពួកគាត់។
មូលហេតុ ដោយសារថា ខាងក្រសួងពាក់ព័ន្ធមួយចំនួន បានចេញអន្តរាគមន៍ខ្លាំង លើអ្នកសង់លក់ ព្រោះថា ពេលកន្លងមកធ្លាប់មានប្រជាជនទិញ ហើយមានបញ្ហាអ្នកសាងសង់នោះ យកលុយកក់របស់អ្នកទិញ ហើយមិនព្រមសាងសង់ជាដើម។
បន្ថែមពីនោះទៀត បណ្ឌិត គីម ហ៊ាង បានឲ្យដឹងទៀតថា វិស័យខុនដូនៅកម្ពុជា មិនជាបញ្ហាទេ ព្រោះថា ភាគច្រើនខុនដូ ជាគម្រោងរបស់បរទេស គឺមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយចំពោះឱកាសមានតិចណាស់។ ដោយឡែក ការប្រឈមវិញ អាចនិយាយបានថា បញ្ហាផ្លាស់ប្ដូរទៅតាមពេលវេលា ដូចជានៅអំឡុងពេលមានជំងឺកូវីដ១៩នេះ ធ្វើឲ្យបរទេសមិនអាចមកបាន ដូច្នេះវិស័យខុនដូ ជួបបញ្ហា។
បណ្ឌិត គីម ហ៊ាង បានលើកឡើងថា ចាប់តាំងពីខែកុម្ភៈ ដល់ពេលបច្ចុប្បន្ន រយៈពេល៧ខែ ឆ្នាំ២០២០នេះ ចំពោះបរទេសដែលមករកស៊ី លើវិស័យខុនដូនេះ សឹងតែបាត់ទាំងអស់តែម្ដង តែបែរជាមានទីផ្សារក្នុងស្រុកទៅវិញ។
លោកថា ប្រជាជនកម្ពុជាអាចទិញនៅបាន ដោយត្រឹម១បន្ទប់គេង ក្រោម៤ម៉ឺនដុល្លារ, ២បន្ទប់គេង ក្រោម៦ម៉ឺនដុល្លារ និង៣បន្ទប់គេង ក្រោម៩ម៉ឺនដុល្លារ។
ទន្ទឹមគ្នានេះបណ្ឌិត គីម ហ៊ាង នៅតែបន្ដអះអាងថា អ្នករកស៊ីក្នុងវិស័យដីធ្លី ក្នុងប្រទេសកម្ពុជា ទៅថ្ងៃអនាគត គឺនរណាក៏ដោយ ដែលរកស៊ីវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់ត្រឹមត្រូវ នឹងទទួលបរាជ័យ ព្រោះថាប្រជាជនពេលបច្ចុប្បន្ន មានការយល់ដឹងច្រើន។
លោកថា «ប្រជាជនមិនអាចជឿទៅលើពួកអ្នករកស៊ីមិនស្របច្បាប់ទាំងនោះទៀតទេ ហើយនៅពេលដែលអ្នករកស៊ី មិនត្រឹមត្រូវជួបបញ្ហាប្រឈមខ្លាំង នៅពេលនោះឱកាសនឹងធ្លាក់មកលើអ្នករកស៊ីត្រឹមត្រូវស្របច្បាប់វិញ»៕