(សៀមរាប)៖ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉ែត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិបរទេស ២នាក់ ដែលម្នាក់ជាជនជាតិរ៉ូម៉ានី និងម្នាក់ទៀតជាជនជាតិប៊ុលការី ដែលពួកគេទាំង២នាក់ បានធ្វើលួចលេខកូដ ATM របស់ជនជាតិខ្មែរ ដកលុយពីទូ ATM របស់ធនាគារ ABA នូវទឹកប្រាក់រាប់ម៉ឺនដុល្លារ។
លោក ភឹង ចិន្តារ៉ែត បានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនបរទេសទាំង២នាក់នេះ ធ្វើឡើងក្រោយពីស៊ើបអង្កេត និងមានចម្លើយសារភាព នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ កំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយធនាគារ ABA តាមចាប់បានមុខសញ្ញាជាជនជាតិរ៉ូម៉ានី និងជនជាតិប៊ុលការី ពីបទអំពើលួចលេខកូដកាតតាមទូ ATM របស់ធនាគារ ABA ដែលមានទីតាំងនៅផ្សារអាដសិនធ័រ ។
លោកបន្ថែមថា តាមចម្លើយសារភាព កន្លងមកជនបរទេសទាំង ២នាក់នេះ ធ្លាប់បានលួចដកប្រាក់ពីទូ ATM ជាច្រើនដងមកហើយ ពោលនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០១៥ ពួកគេធ្វើសកម្មភាពលួចលេខកូដកាត ATM នៅផ្សារអាដសិនធរ័ និងនៅភោជនីយដ្ឋានមនោរម្យចាស់ ហើយទៅធ្វើសកម្មភាពដកយកលុយនៅប្រទេសឡាវ បានតែ ១៣,៧០០ដុល្លារ ប៉ុន្តែបើតាមជនរងគ្រោះជាអតិថិជន ABA ខ្មែរបានបាត់រហូតដល់ ២១,០០០ដុល្លារឯណោះ។
គួរបញ្ជាក់ថា ជនជាតិបរទេសទាំង២នាក់នេះ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ពួកវាមកលួចលេខកូដនៅផ្សារអាដសិនធ័រផងដែរ ហើយការឃាត់ខ្លួនពួកគេទាំងពីរ ក៏មានការចូលរួមពីកម្លាំងនគរបាលទេសចរណ៍ផងដែរ៕