(តាកែវ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំ និងសាងសង់ដំបូលផ្សារសំរោងយ៉ោងឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុកបាទី អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានជំរុញក្រុមការងារដែលពាក់ព័ន្ធនឹងកិច្ចការងារសាងសង់ដំបូលផ្សារសំរោងយ៉ោង ដែលត្រូវអគ្គិភ័យឆាបឆេះកាលពីថ្ងៃបុណ្យភ្ជុំបិណ្យ ត្រូវធ្វើយ៉ាងណាសាងសង់ ដំបូលផ្សារឲ្យបានលឿនឆាប់រហ័ស ដើម្បីឱ្យបងប្អូនអាជីវករឆាប់បានលក់ដូរជាបណ្តោះអាសន្នឡើងវិញ។

លោក អ៊ុច ភា បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានសម្រេចកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឱ្យបង្កើតគណៈកម្មការរៀបចំ និងសាងសង់ដំបូលផ្សារជូនអាជីវករផ្សារសំរោងយ៉ោង ដែលឧបនាយករដ្ឋមន្រ្តីជាអ្នកឧបត្ថម្ភថវិកាជាង ៧ម៉ឺនដុល្លារ សម្រាប់សាងសង់ដំបូលផ្សារនេះ ដូច្នោះការសាងសង់នេះ គឺត្រូវធានាថាមានគុណភាពនឹងត្រូវត្រឹមតាមស្តង់ដារបច្ចេកទេស និងធានាសុវត្ថិភាពក្នុងការលក់ដូរបស់បងប្អូនក្រុមអាជីវករបានលក់ដូរឡើងវិញ។

លោក អ៊ូច ភា បានបន្តថា ដើម្បីធានាបាននូវគុណភាពរឹងមាំ នឹងមានស្តង់ដារសុវត្ថិភាពជូនក្រុមអាជីវករនោះ សូមក្រុមការងារសាងសង់ដំបូលផ្សារសំរោងយ៉ោងនេះ ដែលមានមន្ទីរជំនាញចូលរួម ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ និងគូសប្លង់ឱ្យបានត្រឹមត្រូវនឹងសុវត្ថិភាពជាទីបំផុត ពិសេសគឺត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរស្រុក ដើម្បីធានាបានថា ពុំមានបញ្ហាអ្វីកើតមានឡើង ពេលចាប់ផ្ដើមសាងសង់ និងធ្វើឱ្យបានលឿនឆាប់រហ័សទៅតាមផែនការ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៩៖១០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យឆេះផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបានធ្វើឱ្យខូចខាតតូបរបស់បងប្អូនអាជីវករចំនួន ២៤៣តូប ក្នុងនោះតូបឆេះអស់ ចំនួន១៩៩តូប។ អគ្គិភ័យឆាបឆេះផ្សារសំរោងយ៉ោងនេះ បានបណ្ដាលឱ្យខូចខាតសរុបជាទឹកប្រាក់អស់ជាង ២លានដុល្លារ៕