(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកម្លាំង នគរបាលជាច្រើននាក់ ចុះល្បាត និងធ្វើការត្រួតពិនិត្យ កងកម្លាំង នៅតាមគោលដៅទាំង១៧ ស្ថិតនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ដើម្បីពង្រឹងបញ្ហាសន្តិសុខ ក៏ដូចជាជួយទប់ស្កាត់ និងបង្ក្រាបបទ ល្មើសដែលអាច កើតមានឡើងតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧកញ៉ា ហង្ស ស៊ីផា ក៏បានអញ្ជើញ អមដំណើរជាមួយ លោកឧត្តមសេនីយ៍ស្នងការផងដែរ ដើម្បីនាំយកទឹកបរិសុទ្ធ ទឹកក្រូច នំប៉័ងដាក់សាច់ និងមីជាដើម ប្រគល់ជូនដល់កងកម្លាំង ដែលកំពុងឈរយាមល្បាត នៅតាមគោលដៅនីមួយៗនោះ។

លោកឧត្តមសេនីយ៍ ស្នងការបានប្រាប់នៅយប់ជ្រៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះថា កម្លាំងនៅតាមគោលដៅខ្លះ ឈរយាមល្បាត រហូតទល់ភ្លឺ ដូចជាព្រំប្រទល់សង្កាត់ និងឃុំរបស់ស្រុកមង្គលបូរី ។ នៅចំពោះមុខ កងកម្លាំងនគរបាលរបស់ខ្លួន លោកឧត្តមសេនីយ៍ស្នងការ បានជំរុញត្រូវ ខិតខំដោយមានការទទួលខុសត្រូវ ហើយត្រូវជួយអន្តរាគមន៍ភ្លាមៗនៅពេល មានបទល្មើសអ្វីមួយកើតឡើង និងត្រូវក្តោបឲ្យបានមុខសញ្ញាផ្សេងៗ ដែលអាចធ្វើ សកម្មភាពអ្វីមួយ។

យុទ្ធនាការចុះល្បាត និងយាមប្រចាំការ នៅតាមគោលដៅ ខាងលើនេះ បានធ្វើឲ្យបញ្ហាសន្តិសុខ នៅខេត្តបន្ទាយមានជ័យ មានភាពប្រសើរឡើង យ៉ាងខ្លាំង ពោលបទល្មើសមានការថយចុះ គួរឲ្យកត់សម្គាល់៕