(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសរសេរសារយ៉ាងខ្លីនៅលើទំព័រ Facebook របស់ខ្លួនថា ជនពិការគ្រប់រូបនៅកម្ពុជា តែងទទួលបានសេចក្តីអាណិតស្រឡាញ់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការនៅគ្រប់ទីកន្លែង និងគ្រប់វិនាទី។
សាររបស់លោក ឯម ច័ន្ទមករា បានរំលេចឡើងជាមួយរូបភាពជាច្រើនសន្លឹក នៃសាមញ្ញភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងសំណេះសំណាលជាមួយស្រ្តីចំណាស់ម្នាក់ជាជនពិការ ហើយថែមទាំងបានជួយរុញរទេះស្រ្តីពិការរូបនោះថែមទៀត គ្រាសម្តេចចេញហាត់ប្រាណនៅសួនច្បារមុខផ្ទះរបស់នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ។ សម្តេចនាយករដ្ឋមន្រ្តីនៅរសៀលថ្ងៃនេះ ក៏បានអញ្ជើញហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង ព្រមទាំងបានសំណេះសំណាល និងថតរូប Selfie ជាមួយប្រជាពលរដ្ឋយ៉ាងល្អូកល្អិនថែមទៀតផង។
លោក ឯម ច័ន្ទមករា បានថ្លែងប្រាប់ Fresh News បន្ថែមថា រូបភាពទាំងនេះ បានបង្ហាញថា នាយករដ្ឋមន្រ្តីកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចចំពោះជនពិការកម្ពុជា។ លោក ឯម ច័ន្ទមករា ក្នុងនាមជាអ្នកតែងបានធ្វើការអស់កម្លាំងកាយចិត្តដើម្បីបុព្វហេតុពិការភាពនៅកម្ពុជានោះ បានបង្ហាញក្តីរំភើបរីករាយពន់ពេកក្រៃ។
លោក ឯម ច័ន្ទមករា បានបន្ថែមថា សកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាកម្លាំងចិត្តដ៏ខ្លាំងក្លាថែមទៀត ដល់ជនពិការកម្ពុជាគ្រប់រូបប្រឹងប្រែងជម្នះគ្រប់ឧបស័គ្គនៅក្នុងជីវិត៕