(កំពង់ស្ពឺ)៖ លួចគេវាគ្រាន់ តែបើគេតាមទាន់ហើយ ច្បាស់ជាប្រឈមនឹងការក្ស័យ សង្ខាជាក់ជាមិនខានឡើយ! ជាក់ស្តែង ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិវាល ឃុំព្រៃស្បូវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានវាយ និងកាប់សម្លាប់ជនសង្ស័យម្នាក់ រហូតស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលជនសង្ស័យម្នាក់ទៀត បានបើក ម៉ូតូគេចខ្លួនទាន់ ក្រោយពីពួកគេទាំង២នាក់ បានចូលទៅកាច់កម៉ូតូ របស់ ប្រជាពលរដ្ឋដល់ក្នុងផ្ទះ នៅវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៦នេះ។

មន្រ្តីនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាព Fresh News ថា មូលហេតុដែលនាំឲ្យមានការវាយ និងកាប់សម្លាប់ចោរខាងលើនេះ គឺបានកើតឡើង ដោយសារតែកំហឹងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលខឹងជនសង្ស័យ ទាំង២នាក់ បានចូលទៅលួចម៉ូតូរបស់ពួកគាត់។

មន្រ្តីនគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង បានចូលទៅធ្វើសកម្មភាពកាច់ កម៉ូតូរបស់ប្រជាពលរដ្ឋនៅភូមិវាល ស្រាប់តែពេលជិះចេញបានប្រមាណ២០០ម៉ែត្រ ជនរងគ្រោះបានស្រែកចោរៗ រហូតធ្វើឲ្យអ្នកភូមិផ្សេងទៀត ជាច្រើននាក់បានចេញមក ជួយអន្តរាគមន៍ភ្លាមៗ។

ពេលនោះជនសង្ស័យដែលជិះម៉ូតូរបស់ ជនរងគ្រោះដឹងថា មានប្រជាពលរដ្ឋ ដេញតាមនោះក៏ផ្តួលម៉ូតូ ប៉ុន្តែមិនអាចរត់ទៅណាឆ្ងាយ ក៏ត្រូវបាន ប្រជាពលរដ្ឋធ្វើការឡោមព័ទ្ធ រហូតវាយ និងកាប់សម្លាប់ចោលតែម្តង មុនពេលដែល កម្លាំងសមត្ថកិច្ចបានទៅដល់។

បើតាមប្រជាពលរដ្ឋ ក្រោយវាយសម្លាប់ ជនសង្ស័យរូបនេះ ពួកគេបានឆែកឃើញ កាតអ្នកយកព័ត៌មានឲ្យអង្គភាព កាសែត រស្មីព្រះវិហារ ដែលមានឈ្មោះ ថា ម៉េង ឈឿន ប៉ុន្តែសម្រាប់មន្រ្តីនគរបាល វិញ មិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណ ជនសង្ស័យ ដែលស្លាប់នេះនៅឡើយទេ។

នៅពេលនេះ កម្លាំងសមត្ថកិច្ច បានចុះទៅ សួរនាំ និងរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសម្រេចយកសពជនសង្ស័យទៅបូជា និងតាមស្រាវជ្រាវ រកជនសង្ស័យម្នាក់ទៀត៕