(កណ្តាល)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារគណបក្សចុះជួយយុវជនស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអំពាវនាវប្រជាពលរដ្ឋក្នុងស្រុកនេះ ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាសុខសន្តិភាព ដែលកំពុងមានឲ្យបានស្ថិតស្ថិរគង់វង្ស និងចូលរួមបង្ការ ការពារ ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដែលកំពុងយាយីរាតត្បាតជាសកលសព្វថ្ងៃ។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោកតំណាងឲ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងជាប្រធានក្រុមការងារយុវជនគណបក្ស ចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាមួយចំនួន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនអតីតយុទ្ធជន យោធិនពិការ និវត្តជន និងគ្រួសារអតីតយុទ្ធជនពលី ចំនួន ១២៩គ្រួសារ មកពីឃុំចំនួន៣ នៅស្រុកកណ្តាលស្ទឹង។

ក្នុងពិធីដែលមានការចូលរួមពីលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង លោក ណុប រ័ត្ននិមល បានថ្លែងអំណរគុណ និងរំឭកឡើងវិញនូវគុណូបការគុណដ៏វិសេសវិសាលរបស់អ៉ុ ពូ មីង ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបូជាសាច់ស្រស់ ឈាមស្រស់ រួមចំណែកក្នុងបុព្វហេតុ រំដោះជាតិ ការពារនិងស្តាកសាងជាតិ ពីបាតដៃទទេរហូតបានរីកចម្រើន រឹងមាំជឿនលឿនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃមគ្គុទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពសព្វថ្ងៃ។

ក្នុងនាមយុវជនជំនាន់ក្រោយ លោក ណុប រ័ត្ននិមល ក៏បានប្តេជ្ញាចិត្តរៀនសូត្រនូវគំរូវីរភាពដ៏ល្អប្រពៃនេះ ដើម្បីបន្តវេនចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេស ឈានទៅរកភាពរីកចម្រើនជឿនលឿន ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន។

អ៉ុ ពូ មីង និងនិវត្តជនបានសម្តែងនូវការដឹងគុណ និងចាត់ទុកសម្តេចតេជោហ៊ុន សែន ជាវីរបុរសនាំមកសុខសន្តិភាពលេញជូនជាតិមាតុភូមិមិនអាចខ្វះបាន ជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់៕