(បន្ទាយមានជ័យ)៖ មួកសុវត្ថិភាពប្រមាណ៥០០មួក ដែលជាអំណោយរបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ត្រូវបានស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម នាំយកទៅចែកជូនដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងក្មេងៗចំនួន៥០០នាក់ នៅក្នុង ពិធីឆ្លងកុដិថ្មីកម្ពស់២ជាន់ នៅក្នុងវត្តព្រះពន្លា នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ។

ការចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់ លោកស្នងការខាងលើនេះ បានបង្ហាញពីការយកចិត្តទុកដាក់ លើការចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបមានការចូលរួម គោរពច្បាប់ ចរាចរណ៍កាន់តែខ្លាំងឡើង។

សូមបញ្ជាក់ថា នៅក្នុងពិធីឆ្លងកុដិថ្មី ដែលត្រូវចំណាយ ថវិកាប្រមាណ៧ម៊ឺនដុល្លារ សម្រាប់ការសាងសង់នោះ គឺបានមកពី ការចូលរួមបរិច្ចាគ យ៉ាងច្រើនពីលោក គង់ ប៊ុនហួរ និងលោកស្រី ដែលជាអាជីវករនៅក្រុងសិរីសោភ័ណ ព្រមទាំងមានការចូលរួមបរិច្ចាគពីសំណាក់ សប្បុរសជនជាច្រើនផ្សេងទៀត។ កម្មវិធីពុទ្ធចក្រ នាព្រឹកមិញនេះ បានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម និងមានការនិមន្តចូលរួមព្រះសង្ឃព្រះនាម នាក់ ម៊ឺង អនុគណខេត្ត លោកស្រី អភិបាលក្រុងសិរីសោភ័ណ និងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

នៅចំពោះមុខ ពុទ្ធបរិស័ទនៅ ក្នុងពីធីចែកមួកសុវត្ថិភាពនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការ សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធាន ក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំ ប្រទេសជាតិមាន សុខសន្តិភាព និងការរីកចម្រើន រហូតមកដល់ពេលនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវ ដល់ក្រុមយុវជន និងក្មួយៗទាំងអស់ត្រូវចៀសឲ្យឆ្ងាយពី បទល្មើសមួយចំនួន ជាពិសេសគ្រឿងញៀន ដែលជាមេរោគបំផ្លាញ សង្គមយ៉ាងខ្លាំង។ លោកស្នងការ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅពេលដែលបានដឹងពីបទល្មើសអ្វីមួយកើតឡើង នៅតាមមូលដ្ឋាន ដើម្បីចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា រក្សាសុវត្ថិភាពជូនបងប្អូនទាន់ពេលវេលា៕