(ភ្នំពេញ)៖ ក្នុងគោលបំណងបញ្ជាក់ពីការយល់ដឹង និងការចូលរួមបង្កើន កិច្ចសហប្រតិបត្តិការ លើការងារមនុស្សធម៌ ក្រុមហ៊ុន SNBL Cambodia នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ បានផ្តល់នូវថវិកា ៥ម៉ឺនដុល្លារ ដល់ស្ថាប័នមនុស្សធម៌ទាំងបី ដោយក្នុងនោះរួមមានថវិកាចំនួន ១៥០០០ដុល្លារ ផ្តល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សម្រាប់ចូលរួមចំណេកគាំពារ ដល់សកម្មភាពថែទាំសុខភាព និងព្យាបាលជំងឺ នៅតាមមូលដ្ឋាន ដោយឥតគិតថ្លៃ និងថវិកា ចំនួន១៥០០០ដុល្លារ ផ្តល់ជូនសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចូលរួមលើកកម្ពស់ ការអប់រំយុវជន និងការបណ្តុះបណ្តាលធនធានមនុស្ស ។ ដោយឡែកថវិកាចំនួន ២ម៉ឺនដុល្លារទៀត ផ្តល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រាប់ឧបត្ថម្ភសកម្មភាពនានា របស់យុវជននៅតាមមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍សង្គម។
ជានិច្ចកាល លោក Steven Meyer អគ្គនាយកក្រុមហ៊ុន SNBL Cambodia តែងបានចូលរួមឧបត្ថម្ភ ដល់ការងារមនុស្សធម៌នានា ព្រមទាំងការរួមចំណែក តាមរយ:កាកបាទក្រហមកម្ពុជា ហើយលោកក៏បានសម្តែងនូវ មោទនភាពផងដែរ ដែលបានចូលរួមផ្តល់នូវថវិកាឧបត្ថម្ភនេះ ថែមទៀតជាមួយសមាគមទាំងបី។
ក្នុងឱកាសប្រគល់ទទួល ថវិកាបរិច្ចាកខាងលើនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ជាប្រធានសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្នុងនាមជំនួសមុខជូន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ចំពោះទឹកចិត្តដ៏សប្បុរស និងការចូលរួមចែករំលែកដ៏ថ្លៃថ្លានេះ សំដៅបង្កលទ្ធភាពគាំទ្រ ដល់សកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋាន និងសហគមន៍កម្ពុជា៕