(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ឲ្យក្រុមការងារ នាំយកស្បៀងទៅចែកជូនដល់កងកម្លាំងដែលកំពង់ប្រចាំការ នៅតំបន់រងគ្រោះដោយគ្រោះធម្មជាតិ។
ក្រោយទទួលបានបទបញ្ជា កម្លាំងការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដឹកសម្ភារស្បៀង ចែកជូនដល់អធិការដ្ឋាននគបាលស្រុកព្រៃនប់ និងបណ្តាលប៉ុស្តិ៍រដ្ឋបាលទាំង១៥ប៉ុស្តិ៍ សរុបអង្ករ២០បាវ ទឹកសុទ្ធ៤០កេស មី៤០កេសតូចនិង ត្រីខ០១កេសធំ។
ក្នុងនោះ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទទួលបានអង្ករ០៥បាវ ទឹកសុទ្ធ១០កេស មី១០កេសតូច និងត្រីខ០១កេសធំ។ ចំណែកប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១៥ប៉ុស្តិ៍ ក្នុងមួយប៉ុស្តិ៍ទទួលបានអង្ករ០១បាវ មី០២កេសតូច និងទឹកសុទ្ធ០២កេស។
សូមជម្រាបថា ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្ទះប្រជាពលពលរដ្ឋ ជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖
* ឃុំព្រៃនប់ ចំនួន១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់
* ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់)
* ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់
* ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់
* បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕