Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: អគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រនៅក្រុងព្រះសីហនុ សមត្ថកិច្ចគ្រប់គ្រងបានហើយ, អភិបាលខេត្ត កំពុងដឹកនាំប្រតិបត្តិការផ្ទាល់

19-09-2020 15:55

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ម៉ោងជិត៤រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គិភ័យឆេះទីតាំងអគារឃ្លាំងដាក់សម្ភារនៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ សមត្ថកិច្ចអាចគ្រប់គ្រងបានហើយ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា នៅទីតាំងកន្លែងកើតហេតុ មេឃកំពុងតែធ្លាក់ភ្លៀងហើយវត្តមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននិងកំពុងដឹកនាំបញ្ជាប្រតិបត្តិការផ្ទាល់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា បន្ទាប់ពីអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ រហូតមកដល់ពេលនេះ សមត្ថកិច្ចអាចគ្រប់គ្រងស្ទើរទាំងស្រុងហើយ។

យ៉ាងណាមិញ សម្រាប់ចំនួនរថយន្ដពន្លត់អគ្គិភ័យ ដែលចេញមកជួយអន្ដរាគមន៍នេះ លោកស្នងការ មិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះប្រតិបត្តិការមិនទាន់បិទបញ្ចប់ទាំងស្រុង។ ខណៈមូលហេតុ លោកនឹងជម្រាបជូននៅពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចជំនាញស្រាវជ្រាវរួចរាល់។

ជាមួយគ្នានេះ ក្រុមពន្លត់អគ្គិភ័យ៧១១ របស់កងពលតូចលេខ៧០ នៅសាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ក៏បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ទៅជួយសង្គ្រោះក្នុងហេតុការណ៍នេះផងដែរ៕