(ស្វាយរៀង)៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញា ឆ្នាំ២០២០ មានភ្ញៀវទេសចរ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា និងភោជនីយដ្ឋាន អាហារដ្ឋាន នៅក្នុងខេត្តស្វាយរៀង មានចំនួនសរុបជាង៤,០៣០នាក់។
បើតាមលោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត ឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ មានដូចជា៖ នៅរមណីយដ្ឋានប្រាសាទបាសាក់ ចំនួន១,៥១១នាក់, រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរបិទទ្វារ ស្ពានត្នោតចំនួន៤៤៥នាក់។
លោកបន្តថា ដោយឡែកភ្ញៀវទេសចរ ដែលចូលកម្សាន្តនៅតាមអាហារដ្ឋាន និងអាងហែលទឹក ក្នុងខេត្តស្វាយរៀង រយៈពេល៣ថ្ងៃ សរុបចំនួន២,០៧៤នាក់ រួមមានដូចជា៖
* អាហារដ្ឋាន និងអាងហែលទឹក គជ់ស្វាយព្រៃ ចំនួន៦៩៨ នាក់
* អាហារដ្ឋាន និងអាងហែលទឹកឌឺវ៉យ សរុបចំនួន៣៨៩នាក់
* អាងហែលទឹករមណីយដ្ឋានធម្មជាតិ សរុបចំនួន៩៨៧នាក់។
សរុបរួម៖ ចំនួនភ្ញៀវមកកម្សាន្ត ក្នុងខេត្តស្វាយរៀង មានចំនួនសរុប ៤,០៣០នាក់។
លោក វ៉ាន់ សារ៉ាត់ បានបញ្ជាក់ថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ទីរទេសចរណ៍បានសហការ ជាមួយអាជ្ញាធរដែនដី ប្រជាការពារភូមិតាមរមណីយដ្ឋាន បានផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ និងបាញ់ទឹកអាកុល ជូនភ្ញៀវដែលមកទស្សនា ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕