(កំពង់ឆ្នាំង)៖ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីដង្ហែសំពៅមាស សំពៅប្រាក់របស់រដ្ឋបាលខេត្ត និងសំពៅទេពនិមិត្ត របស់ព្រះគ្រូ ឆន ឆុង ព្រះអនុគណស្តីទីក្រុងកំពង់ឆ្នាំង យកទៅបណ្តែតសែនជូនដូនតា នៅមាត់ទន្លេដើមពោធិ៍ផ្សារក្រោម ដែលដូនតាត្រូវវិលត្រឡប់ ទៅកាន់ទីសោយសុខរបស់ពួកគាត់វិញ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ។
ពិធីនេះ ប្រារព្ធធ្វើក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រី ឈឹម ស្រីមុំ ជាភរិយា និងដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត មន្ត្រីរាជការនៅតាមមន្ទីរជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋ បានចូលរួមផងដែរ។
ពិធីបុណ្យសែនជូនដំណើរដូនតានេះ ត្រូវបានរដ្ឋបាលខេត្ត ប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីរសៀលថ្ងៃ១៥រោច ខែភទ្របទជាថ្ងៃ ទី១ គឺមានការជួបជុំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិសុទ្ធចម្រើនសិរីសួរស្តីជ័យមង្គល និងបួងសួង ដល់បារមីស័ក្តិសិទ្ធនៅទូទាំងខេត្តជាពិសេស គឺលោក យាយទេព ដែលមានបារមីខ្លាំងពូកែគង់នៅក្នុងវត្ត ទេពធីតារាម (ហៅវត្តយាយទេព) ដើម្បីបងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង និងលើកកំពស់កំរិតជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លុះថ្ងៃ១កើត ខែអស្សុជ ដែលជាថ្ងៃទី២ នៅពេលរសៀល លោក ឡង ឈុនឡៃ និងលោក ឈួរ ច័ន្ទឌឿន និងលោកស្រី ឈឹម ស្រីមុំ ព្រះមទាំងថ្នាក់ ដឹកនាំខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្តអាជ្ញាធរក្រុង ថ្នាក់ដឹកនាំសង្កាត់ទាំង៤ និងប្រជាពលរដ្ឋ បានរៀបចំពិធីដង្ហែសំពៅ និង បណ្តែតសំពៅមាស សំពៅប្រាក់ និងសំពៅទេពនិមិត្ត ដែលធ្វើពិធីដង្ហែរចេញពីអាសនៈលោកយាយទេព ស្ថិតក្នុងវត្តទេពធីតារាម (ហៅវត្តយាយទេព) ដង្ហែឆ្ពោះទៅមាត់ទន្លេផ្សារក្រោម ទល់មុខភ្នំនាងកង្រី។
ពិធីសែនជូនដំណើរដូនតា ជាពិធីមួយដែលប្រជាពលរដ្ឋ តែងតែបានធ្វើឡើង នៅថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរមិនដែលបំភ្លេចទេ នូវពិធីសែនជូនដំណើរជីដូនជីតានេះ។
នៅក្នុងពិធីនេះ ប្រជាពលរដ្ឋបានធ្វើជាកន្ទោង ឬកាត់ស្រទបចេកចងក្បាល និងកន្ទុយធ្វើជាទូក ដែលមានដាក់សំណែន ដូចជាប្រហុក អំបិល អង្ករ សណ្តែក ល្ងរ នំអន្សម និងគ្រឿងសំណែនផ្សេងៗទៀត ដែលដាក់ជាកញ្ចប់តូចៗ និងមានដុតទៀន ធូប ភ្ជាប់ជាមួយការឧទ្ទិសបួងសួងសុំសេចក្តីសុខ ដែលបានវិលត្រឡប់ទៅវិញ ហើយសូមងាកក្រោយឲ្យពរជ័យដល់កូនចៅ សុំជួបតែសេចក្តីសុខសេចក្តីចម្រើន និងរកស៊ីមានបានគ្រប់ក្រុមគ្រួសារផងដែរ។
ពិធីជូនដំណើរដូនតានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ឈួរ ច័ន្ទឌឿន តែងតែបានប្រារព្វធ្វើឡើងជារៀង រាល់ឆ្នាំពុំដែលអាក់ខានឡើយ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការរីជន ដែលបានចែកឋានទៅហើយនោះ មកទទួលមគ្គផលទាំងនេះ ងាកក្រោយឲ្យពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទទួលបាន នូវសេចក្តីសុខសេចក្តីចម្រើន គ្រប់ៗគ្នា៕