(សៀមរាប)៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងប្រាប់ Fresh News ឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។
លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបដែលចូលទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។
លោកថា ភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕