(បន្ទាយមានជ័យ)៖ រថយន្តប្រភេទយក្សដឹកជ្រូកមួយគ្រឿងបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យផ្លោងធ្លាក់មកដីស្លាប់មនុស្ស១នាក់ ចំណែក៦នាក់របួសស្រាល និង៦នាក់របួសធ្ងន់ លើកំណាត់ផ្លូវជាតិ ៥៨ ចំណុចស្ពានលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនាល្ងាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3MA-8759ដឹកសត្វជ្រូកបើកពីទិសខាងលិចទៅខាងកើតមានអ្នករួមចំនួន ១៣នាក់ នៅក្នុងរថយន្ត។

លោកអធិការបានឲ្យដឹងទៀតថា នៅពេលដែលកំពុងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាក់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ រីឯចំនួន៦នាក់បានរងរបួសធ្ងន់ និង៦នាក់ទៀតរបួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពីកើតហេតុហើយ រថយន្តត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកម្ចាស់ និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលខាងមុខ៕