(ភ្នំពេញ)៖ យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្នុងចំណោមភ្ញៀវទេសចរ ជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖
* ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់
* ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់។
ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖
១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់
២, ខេត្តសៀមរាប ១២២.៣៧០ នាក់
៣, ខេត្តកំពត ៩៤.៤៧៩ នាក់
៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់
៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់
៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់
៧, ខេត្តកែប ៦៨.០៥៤នាក់
៨, ខេត្តកណ្តាល ៦២.៧៤១នាក់។
ជាការគួរកត់សម្គាល់លើទិដ្ឋភាពសំខាន់ៗជារួម ដូចខាងក្រោម៖
* បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើននៅតែមានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។
* ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។
* បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីគណៈបញ្ជាការឯកភាពរាជធានីខេត្ត និងកាត់បន្ថយកាន់តែប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។
* គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍នពិសេសការរំលឹកដាស់តឿន ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្តន៍ នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការណែនាំឲ្យពាក់ម៉ាស និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើន ហើយការយល់ដឹង និងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរក៏មានភាពកាន់តែប្រសើរ។
«ជារួមប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ (បន្ថែមពីការឈប់សម្រាកសងចូលឆ្នាំខ្មែរកាលពីខែសីហាកន្លងមក) ដោយការចំណាយរបស់ភ្ញៀវទេសចរ បានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន»។ នេះជាការបញ្ជាក់ ពីលោករដ្ឋមន្ត្រី៕