(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
សេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា អនុលោមតាមមាត្រា៤៤ និងមាត្រា១០៦ នៃច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា គឺការបំពេញមុខងារជាចៅក្រម ឬព្រះរាជអាជ្ញានៅគ្រប់សាលាជម្រះក្ដី ឬអង្គការអយ្យការអមសាលាជម្រះក្ដី មានវិសមិត ភាពជាមួយការបំពេញមុខងារសាធារណៈ មុខងារជាតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មុខងារទទួលអាណត្តិដោយការបោះឆ្នោតដទៃទៀត ឬមុខងារជាទីប្រឹក្សាគ្រប់ឋានានុក្រម លើកលែងតែមានបទប្បញ្ញត្តិ ផ្ទុយពីនេះ។
សេចក្តីជូនដំណឹងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឲ្យដឹងបន្ថែមថា «ចៅក្រម និងព្រះរាជអាជ្ញា ដែលកំពុងបំពេញមុខងារនៅសាលា ជម្រះក្ដី ឬអង្គការអយ្យការអមសាលាជម្រះក្ដី មានជាប់ពាក់ព័ន្ធនឹងមុខងារដូចបានរៀបរាប់ខាងលើ ហើយមានបំណងចង់នៅបំពេញមុខងារណាមួយដែលមានវិសមិតភាពដូចបានរៀបរាប់ខាងលើនេះ ត្រូវមកដាក់ពាក្យសុំផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា នៅអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យបានយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២០ ដើម្បីអនុវត្ត ន៍ឲ្យស្របតាមច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា»។
ក្នុងករណីចៅក្រម និងព្រះរាជអាជ្ញាដែលមានពាក់ព័ន្ធ ហើយមិនបំពេញកាតព្វកិច្ចឲ្យបានទាន់ពេល វេលាដូចជម្រាបជូនខាងលើនោះទេ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងពិនិត្យចាត់ការតាមនីតិវិធីជាធរមាន៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៖