(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ចេញពីពន្ធនាគារមិនបានប៉ុន្មានផង ត្រូវបានកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅពន្ធនាគារវិញ ដោយសារតែកាប់មនុស្សម្នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ លឹម ឆក រួចហើយ លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ គា រ៉ា អាយុ២៤ឆ្នាំ បុខរបរ រើសអេតចាយ ទីលំនៅមិនពិតប្រាកដរស់ក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ នួន នីណារ៉ូ បានបន្តថា ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារម្ដងហើយ ពីករណីលួចទ្រព្យសម្បត្តិអ្នកដទៃ។ មុនពេលកើតហេតុថ្មីនេះ ពេលខ្លួនកំពុងដើររើសអេតចាយជាមួយមិត្តភក្កិម្នាក់ទៀតនោះ មិត្តភក្កិបាននិយាយប្រាប់ជនសង្ស័យថា កាលឯងជាប់គុកលើកមុនដោយសារ អា ឆក អ្នករាយការណ៍ឲ្យសមត្ថកិច្ច ជនសង្ស័យឮដូច្នេះក៏ខឹងយ៉ាងខ្លាំង ហើយបានជិះកង់យកកាំបិតទៅកាប់ជនរងគ្រោះនៅម្ដុំផ្សារអគ្គ បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពីបានចម្លើយសារភាពជនសង្ស័យ និងមានវត្ថុតាងផងនោះ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត និងត្រូវបានបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕