(តាកែវ)៖ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី។
ក្នុងឱកាសចុះពិនិត្យនោះ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប។
យ៉ាងណាមិញ តាមការវាយតម្លៃនៅព្រឹកនេះ អាជ្ញាធរ និងសមត្ថកិច្ចបានអះអាងថា ទំហំនៃការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គិតជាទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក។
ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី បំផ្លាញតូបអស់២៣០តូប គិតជាទឹកប្រាក់ខ្ទង់លានដុល្លារ, សមត្ថកិច្ចប្រើទឹកជិត១០០ឡាន ទើបគ្រប់គ្រងបាន
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យធំមួយនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹក២៧គ្រឿង ហើយប្រើទឹក៩២ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង រហូតដល់ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទៅ១៨ ខែកញ្ញា។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យទាំងអស់នោះរួមមាន៖ មកពី ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១១គ្រឿង, អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៤គ្រឿង, កងពលតូចលេខ៧ ចំនួន០៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន០២គ្រឿង, អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៣គ្រឿង និងស្រាបៀកម្ពុជា ចំនួន០១គ្រឿង។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាល បានអះអាងថា អគ្គិភ័យនេះកើតឡើងដោយសារតែឆ្លងចរន្ដអគ្គិសនី៕