(តូក្យូ)៖ អតីតអ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានថ្មី នៃបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ បន្ទាប់ពីនោះមួយថ្ងៃ គឺនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក Suga ក៏ត្រូវបានអង្គសភាជប៉ុន បោះឆ្នោតគាំទ្រក្នុងសំឡេងភាគច្រើន ឲ្យលោកឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសជប៉ុនតែម្តង ក្រោយពីលោក អាបេ ស៊ីនហ្សូ បានប្រកាសលាលែងចេញពីតំណែងជាផ្លូវការ។
ខាងក្រោមនេះជាជីវប្រវត្តិសង្ខេបរបស់លោក Suga Yoshihide៖
* លោក Suga កើតនៅឆ្នាំ១៩៤៨ ហើយបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យហូសេ (Hosei University) នៅឆ្នាំ១៩៧៣ និងទទួលបានបរិញ្ញាបត្រផ្នែកច្បាប់។
* លោក Suga បានរៀបការជាមួយលោក ម៉ារិកុ (Mariko Suga) និងមានកូនបីនាក់។
* លោក Suga ជាអ្នកស្រុករស់នៅខេត្តអាគីតា (Akita Prefecture) និងធ្លាប់បម្រើការជាលេខានៃសមាជិកសភាអស់រយៈពេល ១១ ឆ្នាំ។ នៅឆ្នាំ១៩៨៧ លោក Suga ត្រូវបានគេបោះឆ្នោតជ្រើសតាំងជា សមាជិកក្រុមប្រឹក្សានៃទីក្រុងយ៉ូកូហាម៉ា (Yokohama) និងទទួលបានកៅអីតំណាងរាស្រ្តនៅឆ្នាំ១៩៩៦។
* លោក Suga ធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ និងជារដ្ឋមន្ត្រីឯកជនភាវូបនីយកម្ម នៃសេវាប្រៃសណីយ៍ជប៉ុន ចាប់ពីខែកញ្ញា ឆ្នាំ២០០៦ ដល់ខែសីហា ឆ្នាំ២០០៧ នៅក្នុងគណៈរដ្ឋមន្ត្រីដំបូងបង្អស់របស់លោក អាបេ ដែលបានបញ្ចប់កាលខែកញ្ញា ឆ្នាំ ២០០៧។
* នៅខែតុលា ឆ្នាំ២០១១ លោក Suga ត្រូវបានតែងតាំងជាប្រធានរៀបចំយុទ្ធនាការ នៃទីស្នាក់ការកណ្តាលរបស់គណបក្ស LDP ហើយក្រោយមកទៀតនៅខែកញ្ញា ឆ្នាំ២០១២ លោកត្រូវបានតែងតាំងជា អគ្គលេខាធិការស្តីទីរបស់គណបក្ស LDP។
* លោក Suga ត្រូវបានតែងតាំងជាប្រធានលេខាធិការនៃគណៈរដ្ឋមន្រ្តី នៅខែធ្នូ ឆ្នាំ២០១២ នៅពេលដែលលោក អាបេ បានក្លាយជានាយករដ្ឋមន្ត្រីសាជាថ្មី។ លោក Suga បានក្លាយជាប្រធានលេខាធិការ នៃខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រី ដែលកាន់ដំណែងយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តជប៉ុន។
* នៅខែកញ្ញា ឆ្នាំ២០១៤ ក្រៅពីតួនាទីជាប្រធានលេខាធិការនៃគណៈរដ្ឋមន្ត្រីលោក Suga ក៏បានបម្រើការជារដ្ឋមន្ត្រីទទួលបន្ទុក កាត់បន្ថយផលប៉ះពាល់នៃមូលដ្ឋានទ័ព នៅលើកោះអូគីណាវ៉ាផងដែរ។
* នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោក Suga បានប្រកាសឈ្មោះរជ្ជកាលថ្មីរបស់ជប៉ុនគឺ រៃវ៉ា (Reiwa) មុនព្រះរាជពិធីសោយរាជ្យសម្បត្តិជាផ្លូវការ របស់ព្រះចៅអធិរាជជប៉ុនថ្មី ណារុហ៊ីតុ (Naruhito) ដែលបានធ្វើឲ្យលោកទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណជនជប៉ុនទូទៅ។
* ក្នុងនាមជាមនុស្សជំនិតរបស់លោក អាបេ លោក Suga តែងតែបង្ហាញមុខជាសាធារណៈ តំណាងឲ្យរដ្ឋបាលរបស់លោក អាបេ និងបានដើរតួនាទីសម្របសម្រួលពីក្រោយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា នៅក្នុងសម្ព័ន្ធភាពនៃគណបក្សកាន់អំណាច។
គួរបញ្ជាក់ថា លោក Suga Yoshihide ត្រូវបានសភាតំណាងរាស្ត្រជប៉ុន (សភាជាន់ទាប) បោះឆ្នោតគាំទ្របន្ទាប់ពីលោក ត្រូវបានគណបក្សកាន់អំណាច (LDP) ដែលមានសំឡេងភាគច្រើនស្រាប់ក្នុងសភានោះ បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានថ្មីរបស់គណបក្សនេះ ហើយជាទម្លាប់ប្រធានគណបក្សកាន់អំណាច តែងតែត្រូវបានជ្រើសតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី។
បញ្ហាធំៗដែលលោក Suga Yoshihide នឹងត្រូវប្រឈមមុខនៅក្នុងតំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដែលមិនធ្លាប់មានជិត ៨ឆ្នាំមកនេះ នោះគឺការដោះស្រាយវិបត្តិ COVID-19 ដែលកំពុងរីកធំឡើងៗ និងការព្យាយាមសង្គ្រោះសេដ្ឋកិច្ចជប៉ុន ដែលបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាតសកលនេះ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ (ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០)