(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១៥ រោជ ខែភទបទ្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ លោក ដួង តារាបានអញ្ជើញចូលរួមអាហារសាមគ្គីជាមួយកងពលតូចថ្មើជើងលេខ ៥៣ ស្ថិតភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។ ទោះជាថ្ងៃឈប់សម្រាកអបអរពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ លោក ដួង តារា បានឆ្លៀតឱកាសនោះ ជួយសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីអោយមានស្នាមញញឹមអបអរពិធីបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោ ។
មីង សែ នី អាយុ ៦៣ ជាប្រពន្ធ ពេជ្យ ប៊ន (អតីតក្រុមប្រឹក្សាឃុំ-ស្លាប់) រស់នៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកស្កាត់សុំជួប លោក ដួង តារា នៅកងពលតូចលេខ៥៣ ដែលជាកន្លែងទទួលទានអាហារសាមគ្គី ដោយក្នុងដៃមានកាន់លិខិតគោរពស្នើសុំអន្តរាគមន៍ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំរកយុត្តិធម៍។
មីង សែ នី មានវិវាទក្នុងរឿងជំពាក់ប្រាក់ ដែលខ្លួន បានខ្ចីប្រាក់ពី មីង ជឺ ផិចជូ ចំនួនប្រមាណ ៣០០,០០០បាត(សាមសិបម៉ឺនបាត) តាំងពីឆ្នាំ១៩៩៩ ។ អស់រយៈ ពេលប្រមាណ២១ឆ្នាំកន្លងមកនេះ ជម្លោះរឿងប្រាក់បំណុលរវាងអ្នកទាំងពីរ មិនត្រូវបានដោះស្រាយចប់ឡើយ ដោយសារការប្រាក់ក្លាយជាប្រាក់បំណុលថ្មី ហើយការទូទាត់បំណុលចាស់គ្មានភាពច្បាស់លាស់ គ្មានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ គ្មានសាក្សីដឹងលឺ គ្មានអាជ្ញាធរចូលរួម ជាដើម .....។ល។ ដោយឯកសារមិនច្បាស់លាស់ ការអះអាងដោយពាក្យសម្តីបកស្រាយយកត្រូវរៀងៗខ្លួន ទើបភាគីសងខាង មានវិវាទនឹងគ្នា ឥតឈប់ឈរ រហូតដល់មានការកាត់កងសងបំណុលដោយ ការផ្ទេរទ្រព្យសម្បតិផ្សេងៗ រួមទាំងដីស្រជាច្រើនហិកតា និងមានការប្តឹងប្តល់គ្នាឥតឈប់ឈររហូតដល់បច្ចុប្បន្ននេះ ។
ដោយសារជម្លោះរាំរ៉ៃខាងលើ បានធ្វើឱ្យ មីង សែ នី បាត់បង់អស់ទ្រព្យសម្បតិពីខ្លួន ប្តីក៏ស្លាប់ ហើយធ្លាក់ខ្លួនក្រលំបាករហូតបាត់បង់ជម្រកស្នាក់នៅ ហើយកូនៗ និងក្រុមគ្រួសារលែងទុកចិត្តគាត់ ដោយសារតែគាត់បានចាញ់ក្តីផ្ទួនៗ និងកំពុងប្រឈមមុខច្បាប់ពាក់ព័ន្ធនឹងបណ្តឹងផ្សេងៗ ។
ដោយសារតែភាពទាល់ច្រក និងស្រេឃ្លានយុត្តិធម៌ មីង សែ នី បានស្វះស្វែងរកយុត្តិធម៌គ្រប់ច្រកល្ហក ហើយក៏ធ្លាប់ដាក់ពាក្យសុំអន្តរាគមន៍ទៅគណបក្សធម្មាធិប្បតេយ្យ តែនៅមិនទទួលបានដំណោះស្រាយ ទើបនៅថ្ងៃភ្ជុំបិណ្ឌនេះ គាត់បានសុំថ្កាត់ជួប ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានដូចបំណងប្រាថ្នា។
បន្ទាប់ពីបានទទួលស្តាប់រឿងរ៉ាវ និងពិនិត្យឯកសារពាក់ព័ន្ធនានារួចមក លោក ដួង តារា បានទំនាក់ទំនងទៅ ភាគីម្ខាងទៀត គឺ មីង ជឺ ផិចជូ ដើម្បីជួប និងធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការនៅសណ្ឋាគារស្ទឹងសង្កែរ ខេត្តបាត់ដំបង ។ ក្រោយពីបានស្តាប់ការអះអាងរបស់ភាគីទាំងពីរនិងក្តាប់បាននូវអង្គហេតុ និង អង្គច្បាប់ លោក ដួង តារា បានពន្យល់ដល់ គូភាគី ពីបញ្ហាខ្វះចន្លោះផ្នែកឯកសាររបស់ភាគីនីមួយៗតាមផ្លូវច្បាប់ និងចែករំលែកអំពី ដំណោះស្រាយបញ្ចប់វិវាទដោយផ្អែកលើ គោលការណ៍ ឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ លោក ដួង តារា បានពន្យល់ដល់ គូភាគី ថា មានតែការដោះស្រាយស្របតាមគោលការណ៍ឈ្នះឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ប៉ុណ្ណោះ ដែលអាចផ្តល់ភាពយុត្តិធម៍ពិតប្រាកដដល់ភាគីទាំងសងខាងបាន ពោលគឺលោកបានព្យាយាមពន្យល់ឱ្យភាគីទាំងសងខាងបានឈ្នះទាំងអស់គ្នា បានពិចារណាអំពីការធ្វើសម្បទានអោយគ្នាទៅវិញទៅមក អំពីគុណធម៌ មេត្តាធម៌ និងការចែករំលែកសេចក្តីសុខជាមួយគ្នាក្នុងនាមជាជនរួមជាតិខ្មែរតែមួយ ។
ដោយភាពប៉ិនប្រសព្វក្នុងការសម្របសម្រួលផ្សះផ្សារ លោក ដួង តារាប្រើអស់រយៈពេលជិត៣ម៉ោងប៉ុណ្ណោះ ធ្វើអោយជម្លោះជាង២០ឆ្នាំរវាងគូភាគី ត្រូវបានបញ្ចប់ជាស្ថាពរ ហើយគូភាគីបានយល់ព្រមចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ ។
នៅក្នុងការព្រមព្រៀងនេះ មីង សែ នី ព្រមទទួលប្រាក់ឧបត្ថម្ភចំនួន$១០,០០០USD(មួយម៉ឺនដុល្លាអាមេរិក) ពី មីង ជឺ ផិចជូ ហើយភាគីទាំងអស់ ធានាដកពាក្យបណ្តឹងទាំងអស់ ដែលបានប្តឹងផ្តល់គ្នាកន្លងមកឱ្យអស់ ដើម្បីបញ្ចប់វិវាទនេះទាំងស្រុង ។
ជាមួយគ្នានោះផងដែរ លោក ដួង តារា បានបញ្ជាក់ជូន ភាគីវិវាទទាំងអស់ថា ៖ គោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែធ្វើឱ្យបញ្ចប់នូវសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ ដោយនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឃន៍រីកចម្រើនដល់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែគោលការណ៍ឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជា គតិបណ្ឌិតសម្រាប់ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដើម្បីស្វែងរកយុត្តិធម៍ពិតប្រាកដ ជូនភាគីវិវាទទាំងអស់ប្រកបដោយប្រសិទ្ធិភាព ផងដែរ។
ជាចុងក្រោយ ភាគីដែលទទួលបានការដោះស្រាយបញ្ចប់វិវាទទាំងពីរ និង លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នឹងបានជូនពរសម្តេចទាំងតញវេមានសុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរើនរុងរឿងទៅមុខ៕