(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាល ជាមួយ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្ត និងឧទ្យានុរក្សនៃឧទ្យានជាតិរាម នៅមន្ទីក្រសួងបរិស្ថាន ខេត្តព្រះសីហនុ។
លោក សាយ សំអាល់ បានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ ក៏ដូចជាឧទ្យានុរក្សទាំងអស់ ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានកោតសរសើរ ពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាពេលកន្លងមក។
លោករដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីមន្ត្រីមន្ទីរបរិស្ថាន ធ្វើយ៉ាងណាត្រូវខិតខំបំពេញនូវរាល់ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់ក្រសួងលើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
លោក សាយ សំអាល់ បានជំរុញដល់មន្ត្រីរាជការ នៃមន្ទីរបរិស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹង និងបំប៉នសមត្ថភាព និងអភិវឌ្ឍខ្លួនបន្ថែមទៀតព្រោះថា មន្រ្តីរាជការទាំងអស់គឺជាឆ្មាំចាំយាមអាយុជីវិតប្រទេសជាតិ ហើយមន្ត្រីរាជការ ក៏ជាចលករក្នុងការចូលរួមកិច្ចការកំណែទម្រង់សំខាន់ៗ របស់ប្រទេសជាតិផងដែរ ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាជន និងប្រជាជាតិទាំងមូល៕