(បាត់ដំបង)៖ ជាការសង្វេគពន់ពេកប្រជាពលរដ្ឋមួយគ្រួសារ និងបងប្អូនសាច់ញាតិ ដែលមកលេងបុណ្យភ្ជុំជុំគ្នា បែរត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ ៦នាក់ ខណៈ៤នាក់ទៀតបានរងរបួស។ ហេតុការណ៍ដ៏សែនវិប្បយោគនេះ បានកើតឡើងពេលដែលជនរងគ្រោះកំពុងជួបជុំគ្នាអង្គុយហូបបាយក្រោមផ្ទះនៅវេលាម៉ោង៦៖១៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
លោក ជា សម្បត្តិ អភិបាលស្រុករុក្ខ:គីរី បានប្រាប់ Fresh News តាមទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះអង្គុយហូបបាយជុំគ្នាក្រោមផ្ទះ ចំពេលមានភ្លៀងធំកំពុងធ្លាក់ បង្កឱ្យមានរន្ទះបាញ់ចំជនរងគ្រោះតែម្តង។
លោក ជា សម្បត្តិ បានឱ្យដឹងថា ជនរងគ្រោះមានពីរគ្រួសារ ដែលជាសាច់ញាតិនឹងគ្នា។ ក្នុងនោះមួយគ្រួសារជាអ្នកនៅទីរួមខេត្តបាត់ដំបង បានស្លាប់ស្លាប់២នាក់ រងរបួស២នាក់ និងមួយគ្រួសារទៀតជាម្ចាស់ផ្ទះ ស្លាប់ ៤នាក់ របួស២នាក់។
លោក ជា សម្បត្តិ បានបញ្ជាក់ទៀតថា អ្នករងគ្រោះដែលបានស្លាប់រួមមាន៖ ឈ្មោះ យ៉ុម ញុិក ភេទប្រុស អាយុ៥៦ឆ្នាំ, ឈ្មោះ ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ (ជាភរិយាអ្នកស្លាប់ទី១), ឈ្មោះ យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ (ជាកូនបង្កើតអ្នកស្លាប់ទី១ និងទី២), ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ (ជាកូនបង្កើតអ្នកស្លាប់ទី១ និងទី២),ឈ្មោះ ធី អត់ស្គាល់ត្រកូលភេទប្រុស មកពីខេត្តបាត់ដំបង, ឈ្មោះ អន រិន ភេទប្រុសប្រុស អយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង។
ដោយឡែកអ្នករងរបួសរួមមាន៖ ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់ មកពីបាត់ដំបង , ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង, ឈ្មោះ ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំបង និងឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង៕